អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសបដិសេធលើការធ្វើត្ថាធិប្បាយ ដោយយកប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ទៅបំភ្លៃខុសខ្លឹមសារពិត ថា កម្ពុជា«សុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លាន័ពាន តែថៃមិនព្រម»
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធការយកប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយ បំភ្លៃខុសខ្លឹមសារពិតនៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនបងប្អូននៅទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។

យោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះថា មានក្រុមជន ដែលមានរបៀបវារៈនយោបាយទុច្ចរិត បានយកប្រសាសន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមួលបង្កាច់ថា កម្ពុជា «សុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លាន័ពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ។
តាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនបន្ថែមថា នៅគ្រប់វេទិកាជាតិ និងអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងរំលឹកថា ប្រទេសកម្ពុជា និងថៃមានព្រំដែនអន្តរជាតិ កំណត់តាមផែនទីគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអំណាច នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម។
ឯកឧត្តមឧបឧបនាយករដ្ឋមន្តី ក៏តែងបានបញ្ជាក់អំពីជំហរជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគី ថៃត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាម់ច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង៕


ប្រភព ក្រសួងព័ត៍មាន