រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុស ដែលបានបង្កគ្រោះដ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។

នេះបើយោងតាមការបញ្ជាក់ពីលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នវ
អ្នកនាំពាក្យខាងលើ បានបន្តថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។
ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញជំនឿថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា។
សូមជម្រាប់ជូនថា តាមរយៈសំណេរបង្ហោះលើកបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕

