ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់

    BY soknita April 4, 2026
    លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។

    ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។

    គួរបញ្ជាក់ជូនថា ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: