នាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា
(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី ទីភ្នាក់ងាសារព័័ត៌មានកម្ពុជា បានឱ្យដឹងថា នាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។

ចំពោះ នាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿងនេះដែរ មានឈ្មោះ Sovershenny លេខ៣៣៣ និងឈ្មោះ Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២នាក់ ដែលនឹងសំចតនៅកម្ពុជារហូតដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦។ ការមកដល់របស់នាវាចម្បាំងរុស្ស៊ីទាំងពីរគ្រឿងនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន៦០នាក់ ដោយមានការចូលរួមពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងតែប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនងរបស់ខ្លួន។ តាមការគ្រោងទុក ក្នុងឱកាសនៃការសំចតនាវានេះ កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏នឹងមានការប្រកួតបាល់ទាត់មិត្តភាពផងដែរ៕



ប្រភព៖ ទីភ្នាក់ងាសារព័័ត៌មានកម្ពុជា