សមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមអនឡាញនៅក្នុងបន្ទប់ខុនដូ អគារ JD Polman ខណ្ឌសែនសុខឃាត់ខ្លួនជនបរទេស៨នាក់ ដែលក្លែងជានគរបាលជប៉ុន
ភ្នំពេញ៖ជនជាតិជប៉ុន៥នាក់ និងចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងនោះក្រុមការងារបានត្រួតពិនិត្យរកឃើញសម្ភារៈដែលបម្រើដល់បទល្មើសរួមមានៈទូរសព្ទ ចំនួន ១៤គ្រឿង, CPU ១គ្រឿង , monitor ចំនួន ១ គ្រឿង, iPad ៣គ្រឿង, អាវនគរបាលជប៉ុនចំនួន៥ និងមួកនគរបាលជប៉ុន ២, និងឯកសារនគរបាលក្លែងក្លាយមួយចំនួន។
លទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យជាជនជាតិជប៉ុន បានប្រើប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ក្រោមរូបភាពក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយមានបណ្តឹង ,កិច្ចសន្យា និងដីការចាប់ គោលដៅទៅប្រទេសជប៉ុន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្សពួកពាក់ព័ន្ធបន្ថែមទៀត។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខនេះ៕






ប្រភព ក្រសួងព័ត៍មាន