អាយុគ្រាន់តែជាតួលេខ! លោកតាវ័យ៧៥ឆ្នាំ នៅតែមករៀនមហាវិទ្យាល័យរាល់ថ្ងៃជាមួយក្មេងៗ ព្រោះចង់បានចំណេះដឹង
ហ្វីលីពីន៖ និស្សិតសាលកវិទ្យាល័យវ័យ ៧៥ ឆ្នាំម្នាក់បានកំពុងតែក្លាយជាប្រធានបទកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វីលីពីន។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបានឲ្យដឹងថា នៅក្នុងសាលកវិទ្យាល័យ Phinma University of Pangasinan ដែលស្ថិតនៅក្នុងក្រុង Dagupan ភាគខាងលិច ប្រទេសហ្វីលីពីន មានលោកតាវ័យ ៧៥ ឆ្នាំម្នាក់ បានទៅចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។ វត្តមានរបស់គាត់ បានធ្វើឲ្យនិស្សិតជាច្រើននៅក្នុងសាកលវិទ្យាល័យមានការចាប់អារម្មណ៍ និងបានយកសាច់រឿងនេះទៅបង្ហោះតៗគ្នាពេញបណ្ដាញសង្គម។
អ្នកខ្លះបានបញ្ចេញមតិសរសើរថា ការរៀនសូត្រមិនសំខាន់លើអាយុនោះទេ ឲ្យតែចង់រៀនទោះមានអាយុប៉ុន្មានក៏អាចរៀនបានដែរ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានបន្ថែមថា វត្តមានរបស់លោកតាវ័យ ៧៥ ឆ្នាំរូបនេះគឺជាគំរូដ៏ល្អមួយសម្រាប់និស្សិតផ្សេងទៀតឲ្យខិតខំប្រឹងរៀន ដើម្បីទទួលយកចំណេះដឹងពិតៗ មិនមែនរៀន ព្រោះតែចង់បានសញ្ញាបត្រនោះទេ។ តាមសាកលវិទ្យាល័យខាងលើបានឲ្យដឹងថា លោកតាវ័យ ៧៥ ឆ្នាំ រូបនេះ សម្រេចចិត្តចូលរៀន ព្រោះតែគាត់ចង់ស្វែងយល់បន្ថែមពីជំនាញ ដែលគាត់បានរៀននោះ មិនមែនព្រោះតែគាត់ចង់បានសញ្ញាបត្រដើម្បីទៅស្វែងរកការងារធ្វើនោះទេ៕


អត្ថបទ៖ភក្តី

