កម្ពុជា និងបារាំង ត្រៀមដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ខណៈសម្ដេចធិបតី រង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក អេម៉ានូអែល ម៉ាក្រុង
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្រាប់កិច្ចបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងលទ្ធផលដ៏ផ្លែផ្កានៃកិច្ចពិភាក្សាការងារ ក្នុងគោលដៅពង្រឹង និងពង្រីកចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាលទ្ធផលដ៏សំខាន់នៃជំនួបនេះ កម្ពុជា និងបារាំង បានឯកភាពគ្នាក្នុងការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ឱ្យឈានទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership)” ក្នុងពេលឆាប់ៗខាងមុខនេះ។ ការសម្រេចបាននូវកម្រិតទំនាក់ទំនងថ្មីនេះ នឹងក្លាយជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងការរីកចម្រើននៃទំនាក់ទំនងនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានលើកឡើងពីសារៈសំខាន់នៃវត្តមានរបស់ឯកឧត្តមប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបង្ហាញពីតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងសហគមន៍និយាយភាសាបារាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃការរឹតបន្តឹងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ឱ្យកាន់តែស៊ីជម្រៅក្នុងឆាកអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-បារាំង បានឈានមកដល់ដំណាក់កាលថ្មីមួយដែលពោរពេញដោយសក្តានុពល ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបង្ហាញឆន្ទៈមោះមុតក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ៕
ប្រភព ក្រសួងព៏ត៍មាន