ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីជាលើកទី៣ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជាលើកទី៣ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធនដើម្បីការងារសមរម្យ” និងការអបអរសាទរការប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ជាលើកទី២ ដែលជាលទ្ធផលនៃការអនុវត្តអនុសាសន៍រួមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជា អតីតនាយករដ្ឋមន្ត្រី ក្នុងពេលដែល សម្តេច បានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតអំឡុងឆ្នាំ២០១៧-២០២៣ កន្លងទៅ, ហើយក៏ត្រូវបានយកចិត្តទុកដាក់បន្តអនុវត្ត និងផ្តល់អនុសាសន៍បន្ថែមទៀតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ៣០០សហជីព, ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨៦សហព័ន្ធ ព្រមទាំងសមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗទៀត ដែលសរុបអ្នកចូលរួមមាន ចំនួនប្រមាណជាង ៥ ៤០០នាក់។ ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់បងប្អូនកម្មករនិយោជិតនៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារឰឡើងជារៀងរាល់ឆ្នាំ។
ការជ្រើសរើសប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” សម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នេះ ពិតជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក៏ដូចជាការបង្កើនភាពធន់សម្រាប់ការងារសមរម្យនៅកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន