ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ថៃប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ (GBC)

    BY soknita April 28, 2026
    កម្ពុជា ថៃប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ (GBC)

    (រាជធានិភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ ប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ (GBC)ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។

    ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

    ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: