ដើម្បីកុមារកម្ពុជា! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឧបត្ថម្ភរថយន្តស៊េរីទំនើបដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងមជ្ឈមណ្ឌលព្យាបាល បេះដូងជប៉ុន (Japan Heart)
(រាជធានីភ្នំពេញ)៖ ដើម្បីអនាគតកុមារកម្ពុជារាប់សិបម៉ឺននាក់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នេះ បានឧបត្ថម្ភរថយន្តស៊េរីទំនើបជូនដល់មន្ទីរពេទ្យកុមារធំៗចំនួន ៣ ក្នុងនោះរួមមាន មន្ទីរពេទ្យកុមារគន្ធបុប្ផា , មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន (Japan Heart)។ សកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃមួយនេះ បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មិនមែនត្រឹមតែជាក្រុមហ៊ុនរថយន្ត ផ្ដោតតែលើយានយន្តប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបានផ្ដោត និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ ធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា មិនថា ផ្នែកសុខភាព ,ការជំរុញ និងលើកទឹកចិត្តផ្សេងៗ ធ្វើយ៉ាងណាឱ្យពួកគេមានសក្ដានុពលពេញលេញ តាមរយៈចក្ខុវិស័យសកល “ការចល័តសម្រាប់ទាំងអស់គ្នា” (Mobility for All) និង យុទ្ធនាការ “Start Your Impossible” របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ។
ជាមួយគ្នានេះដែរ សកម្មភាពមនុស្សធម៌នាថ្ងៃនេះ មិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានធ្វើ ពោលគឺក្រុមហ៊ុនបានចាក់ស្រេសក្នុងការជួយគាំទ្រក្នុងវិស័យសុខុមាលភាពកុមារជិតមួយទស្សវត្សរ៍ហើយ ក្នុងគោលបំណងចង់ឱ្យកុមារកម្ពុជា មានសុខភាពល្អ ដើម្បីឱ្យពួកគេមានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ និងស្វែងយល់ពីពិភពលោកឱ្យកាន់តែច្បាស់។ ដូច្នេះហើយទើបក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តែងតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុ តាមរយៈការឧបត្ថម្ភជាប់លាប់មិនដែលខកខានឡើយ រួមទាំងការបរិច្ចាគយានយន្តជំនាញ ដើម្បីជួយសម្រួលការដឹកជញ្ជូន ការសង្គ្រោះបន្ទាន់សម្រាប់កុមារនៅតំបន់ដាច់ស្រយាល និងគាំទ្រក្រុមគ្រូពេទ្យចុះអប់រំសុខភាពតាមសហគមន៍ ដល់មន្ទីរពេទ្យកុមារៗធំចំនួន ៣ខាងលើ ផងដែរ។

លើសពីនេះទៅទៀត ក្រៅពីផ្ដោតលើសុខភាពកុមារកម្ពុជា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្តេជ្ញាកសាងខ្លួនឱ្យក្លាយជាម៉ាកយីហោជាតិ ដែលរីកចម្រើនទន្ទឹមគ្នាជាមួយប្រជាជនកម្ពុជា និងវិនិយោគមិនសំចៃដៃទៅលើអនាគតយុវជនកម្ពុជាជានិរន្តរ៍។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនទើបតែប្រារព្ធ កម្មវិធីប្រកួតគំនូរ “រថយន្តក្នុងក្តីស្រមៃ” (Toyota Dream Car Art Contest) លើកទី ១៩ នៅកម្ពុជា ដើម្បីជួយឱ្យយុវជនកម្ពុជាមានឱកាសបង្ហាញការច្នៃប្រឌិតរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ក៏កំពុងដុសខាត់សមត្ថភាពជំនាញរបស់ យុវជនកម្ពុជាដើម្បីធានាថា មានធនធានជំនាញខ្ពស់ក្នុងវិស័យឧស្សាហកម្មកម្ពុជានាពេលអនាគត ដោយបានចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើតឱកាសក្នុងស្រុកកាន់តែច្រើន តាមរយៈការសហការគ្នា រវាងក្រុមហ៊ុន តូយ៉ូតា ស៊ូសូ ម៉ានូហ្វេកឆឺរីង (ខេមបូឌា) ជាមួយស្ថាប័នបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ខណៈពេលដែលបច្ចុប្បន្ន ៧៧% នៃកម្លាំងពលកម្មក្នុងរោងចក្ររបស់ក្រុមហ៊ុន គឺជាសិស្សដែលមកពីសាលាបច្ចេកទេស (TVET) ទាំងនេះ៕







