លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះ ១០០ ខ្នងជាលើកទី ២ ជូនអតីតយុទ្ធជនកម្ពុជា
(ភ្នំពេញ)៖ ក្នុងស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនស្នេហាជាតិ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីប្រគល់-ទទួលថវិកាចំនួន ៥០ ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ១០០ ខ្នង ជាលើកទី ២ ជូនដល់អតីតយុទ្ធជន។ កម្មពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

បន្ទាប់ពីការឧបត្ថម្ភសាងសង់លំនៅដ្ខានលើកទី ១ ចំនួន ១០០ខ្នង ក្នុងខេត្តកំពង់ធំ កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ លោកអ្នកឧកញ៉ា លាង ឃុន ក៏បានឧបត្ថម្ភបន្ថែមចំនួន ៨០ លានរៀល ដើម្បីសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ផងដែរ។

ពេលនេះ ក្រុមហ៊ុន ជីប ម៉ុង បានបន្តឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០ ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះចំនួន ១០០ខ្នង ជាលើកទី ២ បន្ថែមទៀត។ ការឧបត្ថម្ភថ្មីនេះ នាំឱ្យចំនួនផ្ទះសរុបដែលក្រុមហ៊ុនបានផ្តល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា កើនឡើងដល់ទៅ ២០០ ខ្នងឯណោះ។

ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ឈរជើងយ៉ាងរឹងមាំជាង ៤០ ឆ្នាំក្នុងសង្គមខ្មែរ ជីប ម៉ុង ព្រមទាំងពហុពាណិជ្ជកម្មជាង ១៤ នៅតែបន្តនៅក្បែរបងប្អូនខ្មែរ ផ្តល់ត្រឡប់ទៅសង្គមវិញ តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ថ្មីៗនេះ ជីប ម៉ុង បានឧបត្ថម្ភសាងសង់អគារសិក្សាថ្មីសរុបចំនួន ៦ ទីតាំង រួមមាន៖ ខេត្តឧត្តរមានជ័យចំនួន ២ ទីតាំង, ខេត្តព្រះវិហារចំនួន ២ទីតាំង, ខេត្តបន្ទាយមានជ័យចំនួន ១ ទីតាំង, និងអគារសិក្សា ១ ខ្នង កម្ពស់ ៣ជាន់ នៅសាលាបឋមសិក្សាព្រៃ-ស ដោយចំណាយថវិកាសរុបជាង ១លានដុល្លារ។

ដោយឡែក ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ថ្មីៗនេះ ជីប ម៉ុង ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១ លាន ៣ សែន ៥ ម៉ឹនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា តាមរយៈការចូលរួមដោយផ្ទាល់ និងជាមួយស្ថាប័នផ្សេងៗ រួមមាន៖ គម្រោងមន្ទីរពេទ្យកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, និងនាយកដ្ឋានគយ ដើម្បីបន្តចូលរួមសម្រាលបន្ទុកសង្គម និងលើកកម្ពស់សកម្មភាពមនុស្សធម៌ទូទាំងប្រទេស។

ស្មារតីរួបរួមគ្នា ខ្មែរស្រឡាញ់ខ្មែរ


