សូមប្រុងប្រយ្ន័ត! កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះទី ១០ «ឈ្មោះ ម៉ៃស័ក» នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ
(រាជធានីភ្នំបេញ)៖ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពព្យុះទី១០ ឈ្មោះ ម៉ៃស័ក (ម៉ៃសាក់) សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១០ ឈ្មោះ ម៉ៃស័ក (ម៉ៃសាក់) (Maysak)T2610 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ សូមបញ្ជាក់ថាឈ្មោះព្យុះ ម៉ៃស័ក(ម៉ៃសាក់) ជាឈ្មោះរបស់ កម្ពុជា ហើយព្យុះនេះនឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកឯព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦។

ចំពោះស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ ដោយតំបន់វាលទំនាប ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី ៥០%។
ដោយឡែកតំបន់ខ្ពង់រាប ដែលមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។
សម្រាប់ តំបន់មាត់សមុទ្រវិញ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម