រន្ធត់ណាស់! រលកកម្ដៅនៅឥណ្ឌាហក់ឡើងដល់ជិត៥០អង្សាសេ បានសម្លាប់មនុស្សជាង២០០នាក់
ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅនៅឥណ្ឌាបានកើនឡើងលើសពី ២០០នាក់ ហើយពេលនេះ។ ចំណែកផ្នែកខ្លះនៃប្រទេសឥណ្ឌាគឺមានសីតុណ្ហភាពខ្ពស់ជាង ៤៥អង្សាសេ ទៅទៀត។ ក្រុមមន្រ្តីបាននិយាយថា របាយការណ៍នៃការស្លាប់ទាក់ទងនឹងរលកកម្ដៅនេះបានកើនឡើងដល់ ២០៧នាក់ នៅទូទាំងប្រទេស។ វារួមបញ្ចូលទាំងមនុស្ស ៨៣នាក់ នៅភាគខាងកើតរដ្ឋ Bihar ដែលបានស្លាប់ដោយសារកម្តៅពេលធ្វើការនៅកន្លែងសំណង់ និងនៅតាមវាលស្រែ។ រដ្ឋនេះផងដែរក៏បានជួបប្រទះនឹងការផ្ទុះឡើងនូវជំងឺរលាកខួរក្បាល (encephalitis) ហើយដែលភាគច្រើនវាបានកើតទៅលើកុមារ។

ចំណែកមនុស្សមួយចំនួនធំដែលបានមកសម្រាកព្យាបាលជំងឺនេះ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ ដោយសារតែកម្តៅក្ដៅពេក។ ក្រុមមន្ត្រីអាកាសធាតុបាននិយាយថា សីតុណ្ហភាពជាអតិបរមានៅក្នុងផ្នែកខ្លះនៃប្រទេសនេះហក់ឡើងដល់ជិត ៥០អង្សាសេ ខណៈលក្ខខណ្ឌសីតុណ្ហភាពកាន់តែអាក្រក់ទៅៗ ដោយការមកដល់នៃរដូវមូសុងត្រូវបានពន្យារពេល។ ក្រុមមន្ត្រីនិយាយថា រលកកម្ដៅនឹងបន្តមានរហូតដល់មួយសប្តាហ៍ទៀត ហើយពួកគេក៏អំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងចៀសវាងការចេញក្រៅនៅពេលថ្ងៃផងដែរ៕
អត្ថបទ៖ លីដា
