នេះជីវិតពិតមិនមែនក្នុងភាពយន្ត! ប្តីចោលម្សៀតប៉ងសម្លាប់ប្រពន្ធពោះធំ ច្រាននាងទម្លាក់ពីលើច្រាំងថ្ម ដើម្បីលេបទ្រព្យសម្បត្តិ
ថៃ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោយមានការសង្ស័យថា គាត់បានច្រានប្រពន្ធដែលកំពុងមានផ្ទៃពោះ ៣ ខែ ទម្លាក់ចុះពីច្រាំងថ្មមានកម្ពស់ ៣៤ ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសួនកំសាន្ត Pha Taem ក្នុងប្រទេសថៃ ខណៈដែលជនរងគ្រោះ និងជនបង្កហេតុជាភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានទៅកំសាន្តនៅក្នុងប្រទេសថៃ។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Wang Nan អាយុ ៣២ ឆ្នាំ ចំណែកឯប្តីរបស់គាត់មានឈ្មោះថា Yu Xiaodong អាយុ ៣៣ ឆ្នាំ។ ក្រោយបានធ្លាក់ពីលើច្រាំងថ្មដ៏ខ្ពស់នេះ ស្ត្រីរងគ្រោះត្រូវបានគេប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលគាត់មានរបួសជាច្រើននៅលើខ្លួន តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេទាំងម្តាយ និងកូន។

ភ្លាមៗក្រោយកើតមានហេតុការណ៍នេះ ស្ត្រីរងគ្រោះមិនបានប្រាប់ទេថា អ្នកណាជាអ្នកច្រាននាង តែក្រោយពីមានការធានាការពារសុវត្ថិភាពពីសំណាក់ប៉ូលិសថៃ ទើបនាងសារភាពថា អ្នកច្រាននាងនោះគឺជាប្តីរបស់នាង។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្តីរូបនោះបានច្រានប្រពន្ធទម្លាក់ប៉ុនប៉ងសម្លាប់នាងតែម្តង ដើម្បីបានទ្រព្យសម្បត្តិរបស់ប្រពន្ធ ដែលមានចំនួនប្រមាណ ១០០ លានបាត (៣,២ លានដុល្លារអាមេរិក) ព្រោះបុរសរូបនោះកំពុងតែជំពាក់បំណុលគេវ័ណ្ឌក។ បន្ទាប់ពីស្រ្តីជាប្រពន្ធ បានសារភាពដូចខាងលើនេះ ប៉ូលិសក៏សម្រេចធ្វើការឃាត់ខ្លួនបុរសជាប្តីតែម្តងនិងរង់ចាំការទទួលទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ ភក្តី



