ខឹងអ្នកជិតខាងធ្វើឲ្យបាត់ប្រាក់ចំណូល បុរសរូបនេះក៏បានធ្វើរឿងយ៉ាងគួរឱ្យខ្ពើម រយៈពេលជាង ១ឆ្នាំ ទម្រាំតែចាប់បាន
បុរសវ័យ ៦៩ឆ្នាំម្នាក់នៅក្រុង Taichung កោះតៃវ៉ាន់ ត្រូវបានគេរកឃើញថា បានសងសឹកលើអ្នកជិតខាងរបស់គាត់ ដោយការយកអាងស្តុកទឹករបស់អាគារអាផាតមិន ធ្វើជាបង្គន់ផ្ទាល់ខ្លួន។ បុរសរូបនោះត្រូវបានគេឱ្យដឹងថា បានខឹងសម្បានឹងអ្នកជិតខាងរបស់គាត់ ដែលធ្វើឱ្យគាត់ខាតបង់លុយ ១២,០០០ដុល្លារតៃវ៉ាន់ (៣៨៦ដុល្លារ) ក្នុង១ខែ ដែលជាថ្លៃចំណេញពីការជួលអាគារអាផាតមិនរបស់គាត់ ទៅឱ្យក្រុមហ៊ុនទូរស័ព្ទសម្រាប់ដាក់ឧបករណ៍អង់តែន។

គួររំលឹកថាបុរសរូបនោះមិនដែលជូនដំណឹងដល់អ្នករស់នៅអាផាតមិនអំពីកិច្ចព្រមព្រៀងជួលអាគារឲ្យក្រុមហ៊ុនទូរស័ព្ទដាក់អង់តែននេះទេ ដូច្នេះនៅឆ្នាំ២០១៧ អ្នករស់នៅអាផាតមិនបានដាក់របាយការណ៍មួយ ដើម្បីសុំឱ្យដកអង់តែនរបស់ក្រុមហ៊ុនទូរស័ព្ទនោះចេញ។ យ៉ាងណាមិញដើម្បីសងសឹកចំពោះការបាត់បង់ប្រាក់ចំណូលនេះ បុរសរូបនោះបានចាប់ផ្តើមបន្ទោរបង់ នៅក្នុងអាងស្តុកទឹក ដែលត្រូវបានទុកប្រើនៅក្នុងអគារទាំងមូល។ ហើយក៏ត្រូវបានគេបកអាក្រាត នៅពេលដែលអ្នកនៅក្នុងអាផាតមិនចាប់ផ្តើមកត់សម្គាល់ថា ទឹកម៉ាស៊ីនរបស់ពួកគេមានក្លិនចម្លែក។ អ្នកខ្លះថែមទាំងបានចាប់ផ្ដើមឈឺ ដោយប្រតិកម្មអាឡែកស៊ីផ្សេងៗ។
ក្រោយមកអ្នកគ្រប់គ្រងអគារបានត្រួតពិនិត្យមើលវីដេអូស៊ីស៊ីធីវីពីដំបូល ហើយពួកគេក៏បានរកឃើញថា លោក Lin ឡើងតាមជណ្តើរទៅអាងស្តុកទឹកម្តងហើយម្តងទៀត រវាងខែមិថុនា ឆ្នាំ២០១៧ និងខែកក្កដា ឆ្នាំ២០១៨។ ទឹករបស់អាងស្តុកនោះក៏ត្រូវបានបញ្ជូនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ ហើយលទ្ធផលបានបង្ហាញពីកម្រិតខ្ពស់នៃជាតិអាម៉ូញាក់។ ក្រោយមកលោក Lin ក៏បានសារភាព និងត្រូវបានគេផ្តន្ទាទោសជាប់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ ១៦០,០០០ដុល្លារតៃវ៉ាន់ (៥,១៦០ដុល្លារអាមេរិក) ៕
អត្ថបទ៖ លីដា