វៀតណាមអញ្ចើញអ្នកឯកទេសជនជាតិរុស្ស៊ី មកជួយថែរក្សារាងកាយរបស់លោក ហូ ជីមិញ
វៀតណាមបានអញ្ចើញក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីចំនួន ៤រូប ដើម្បីមកជួយថែរក្សារាងកាយរបស់អតីតមេដឹកនាំកុំម្មុយនីស្តលោក ហូ ជីមិញ។ គួរឱ្យដឹងផងដែរថា សាកសពរបស់លោក ហូ ជីមិញ ត្រូវបានគេអប់ទុកកុំឱ្យរលួយរយៈពេលជិត ៥០ឆ្នាំ មកហើយ សាកសពរបស់គាត់គឺស្ថិតនៅក្នុងមឈូសមួយនៅឯចេតិយហាណូយ (Hanoi mausoleum) ដែលទីតាំងនោះវាទាក់ទាញភ្ញៀវរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

ក្រុមប្រឹក្សាពិសេសនៃអ្នកឯកទេសវៀតណាម និងរុស្ស៊ី នឹងត្រូវប្រមូលផ្តុំគ្នានៅខែក្រោយ ដើម្បីវាយតម្លៃស្ថានភាពនៃសាកសពរបស់គាត់ និងរកវិធីសាស្ត្រ និងផែនការបច្ចេកទេសល្អៗបំផុត ដើម្បីបន្តរក្សារាងកាយរបស់លោក ហូ ជីមិញ ។ សាកសពរបស់គាត់ត្រូវបានគេឱ្យដឹងថា តម្រូវឱ្យមានការចាក់បញ្ចូលជាតិគីមីជាប្រចាំ ហើយការថែទាំសាកសពកុំឱ្យរលួយនេះមានតម្លៃថ្លៃទៀតផង។
បណ្តាប្រទេសមួយចំនួនផ្សេងទៀតក៏បាននាំយកសាកសពមេដឹកនាំរបស់ខ្លួនមកធ្វើចាក់បញ្ចូលគីមីកុំឱ្យរលួយនេះ ហើយនេះក៏គួរអរគុណដល់ជំនួយពី Lenin Lab ដែលជាមន្ទីរពិសោធន៍របស់សហភាពសូវៀត ដែលធ្លាប់បានចាក់បញ្ចូលគីមីដល់សាកសពលោក Vladimir Lenin បន្ទាប់ពីគាត់បានស្លាប់កាលពី ឆ្នាំ១៩២៤ ។ អ្នកជំនាញរុស្ស៊ីជួយចាក់បញ្ចូលគីមីនេះភ្លាមៗដល់លោក ហូ ជីមិញ បន្ទាប់ពីគាត់បានស្លាប់កាលពី ឆ្នាំ១៩៦៩ ហើយអ្នកឯកទេសបានបន្តជួយទីក្រុងហាណូយ ដើម្បីរក្សាសាកសពរបស់អតីតមេដឹកនាំម្នាកនេះរហូតមក។
ប្រទេសរុស្ស៊ីធ្លាប់បានរក្សាការផលិតសារធាតុគីមីនេះជាការសំងាត់បំផុត ប៉ុន្តែអ្នកវិទ្យាសាស្ត្រវៀតណាមបាននិយាយថា ពួកគេដឹងថាត្រូវធ្វើយ៉ាងណាហើយ។ យ៉ាងណាមិញលោក ហូ ជីមិញ មិនដែលចង់ឱ្យគេដាក់សពគាត់នៅក្នុងចេតិយនោះទេ និងធ្លាប់បាននិយាយថា គាត់ចង់ឱ្យមានការបូជា និងបញ្ចុះអដ្ឋិធាតុរបស់គាត់នៅភាគខាងជើង ភាគកណ្តាល និងខាងត្បូង ប្រទេសវៀតណាម៕

អត្ថបទ៖ លីដា