លោក ផែង វណ្ណៈ ៖ “៧៥ថ្ងៃ នៅក្នុងពន្ធនាគារ ធ្វើអោយខ្ញុំស្គាល់ច្បាស់នូវអ្វីដែលល្អ អ្វីដែលអាក្រក់ អ្នកណាមិត្តពិតប្រាកដ អ្នកណាមិត្តក្លែងក្លាយ”
ក្រោយពេលដែលលោក ផែង វណ្ណៈ បានត្រូវដោះលែង មុននេះបន្តិចលោកក៏បានបង្ហាញនូវអារម្មណ៍ពិតបន្ទាប់ពីត្រូវជាប់ក្នុងពន្ធនាគាររយៈពេល៧៥ថ្ងៃ។ ដោយលោកបានសរសេររៀបរាប់ថា៖ “ពេលវេលា ៧៥ថ្ងៃ នៅក្នុងពន្ធនាគារធ្វើអោយខ្ញុំស្គាល់ច្បាស់នូវអ្វីដែលល្អ អ្វីដែលអាក្រក់ អ្វីដែលខុស អ្វីដែលត្រូវ ហេីយរឹតតែស្គាល់ច្បាស់ថែមទៀតអ្នកណាមិត្តពិតប្រាកដ អ្នកណាមិត្តក្លែងក្លាយ អ្នកណាជាន់ពន្លិចខ្ញុំថែម អ្នកណាស្រលាញ់ខ្ញុំ អ្នកណាបារម្ភពីខ្ញុំ ។ ចំណុចដែលខ្ញុំបានរៀបរាប់ខាងលេី នឹងបង្រៀនខ្ញុំអោយចេះអត់ធ្មត់ អោយចេះអត់ឱន អោយចេះគោរពច្បាប់ អោយចេះគោរពអ្នកដទៃ ជាពិសេសអោយខ្ញុំស្គាល់ខ្លួនខ្ញុំកាន់តែច្បាស់”។
គួររំលឹកថាលោក ផែង វណ្ណៈ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៩ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។ លោក ផែង វណ្ណៈ ក៏បានបញ្ជាក់ថាក្រោយពេលដែលចេញពីពន្ធនាគារលោកនឹងបន្តការងារមនុស្សធម៌ ការងារសង្គមជាបន្តទៀតដេីម្បីបំរេីប្រជាជននិង ប្រទេសជាតិ ដោយមិនអោយមានកំហុសឆ្គងជាថ្មីម្ដងទៀតឡេីយ៕



ដោយ៖ ណារ៉ែន