អាកាសធាតុក្ដៅពេក ចំនួនកុមារស្លាប់ដោយសារជំងឺរលាកខួរក្បាលនៅឥណ្ឌា បានកើនឡើងរហូតដល់ ១២៩នាក់
យ៉ាងហោចណាស់មានកុមារចំនួន ១២៩នាក់ បានស្លាប់ដោយសារជំងឺរលាកខួរក្បាល (Acute Encephalitis Syndrome) នៅក្នុងទីក្រុង Muzaffarpur ភាគខាងកើតរដ្ឋ Bihar ប្រទេសឥណ្ឌា ចាប់តាំងពីការផ្ទុះឡើងកាលពីដើមខែនេះ។ ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកខួរក្បាល ដែលជាជំងឺគ្រុនប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលបានកើនឡើងពី ៩៧នាក់ កាលពីថ្ងៃចន្ទកន្លងទៅនេះ ហើយក៏មានការកើនឡើងជាបន្តបន្ទាប់ ខណៈមន្រ្តីរដ្ឋាភិបាល និងវេជ្ជសាស្រ្តកំពុងប្រឈមនឹងការរិះគន់ជាច្រើន ចំពោះការតស៊ូដើម្បីទប់ស្កាត់វិបត្ដិនៅក្នុងទីក្រុង ដែលមានប្រជាជនសរុបជិត ៣៥០,០០០នាក់ មួយនេះ។

Acute Encephalitis Syndrome ដែលត្រូវបានគេស្គាល់ថាជា «គ្រុនក្តៅខួរក្បាល» គឺបណ្តាលមកពីវីរុសឆ្លងមួយចំនួន។ រោគសញ្ញារបស់វារួមមាន៖ គ្រុនក្តៅ ក្អួត និងក្នុងករណីធ្ងន់ធ្ងរ អាចប្រកាច់ ខ្វិន និងសន្លប់ ហើយទារក និងមនុស្សចាស់ងាយរងគ្រោះបំផុត។ ស្ទើរតែពាក់កណ្តាលនៃកុមារទាំងអស់នៅក្រុង Muzaffarpur មិនគ្រប់ទម្ងន់ ហើយកុមារក៏នៅចំនួនស្រដៀងគ្នានេះក៏មិនលូតលាស់ល្អ ធ្វើឱ្យពួកគេងាយរងគ្រោះដោយសារជំងឺរលាកខួរក្បាល AES នេះជាទីបំផុត ហើយវាបានវាយប្រហារមកទីប្រជុំជនស្ទើរតែរាល់ឆ្នាំ នៅពេលដែលសីតុណ្ហភាពនៅរដូវក្តៅកើនឡើង៕



អត្ថបទ៖ លីដា