ស្ពានឈើថ្មីប្រវែង២១៥ម៉ែត្រ ក្នុងប្រាសាទបេងមាលា បានសាងសង់រួចរាល់ និងមានភាពទូលាយជាងមុន ងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាប្រាសាទ
ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈេីចាស់ បានបញ្ចប់ជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ។ ស្ពាននេះបានបង្កើតនូវភាពទាក់ទាញជាខ្លាំងដល់ទេសចរគ្រប់ជាតិសាសន៍ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទនិងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ។
ស្ពានឈើដំបូងត្រូវសង់ឡើងនៅឆ្នាំ២០០២ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលជញ្ជូនឧបករណ៍ថតកុនដែលមានទម្ងន់ធ្ងន់ៗ។ ក្រោយបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សា និងជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការទស្សនាប្រាសាទ។
ចំពោះបច្ចេកទេសនៃការធ្វើស្ពានឈើថ្មីជំនួសស្ពានចាស់វិញ ក្រុមការងារបានគណនាយ៉ាងល្អិតល្អន់ពីកម្រាស់និងទំហំឈើដើម្បីធានាដល់សុវត្ថិភាពភ្ញៀវ ពង្រឹងរចនាសម្ព័ន្ធស្ពានដោយរៀបចំគ្រឿងបង្គំសំណង់ទៅតាមបទដ្ឋានបច្ចេកទេស។ ចំណែកការភ្ជាប់ឈើ គឺប្រើប៉ូឡុងសម្រាប់មួលភ្ជាប់ដែលធានាគុណភាពជាប់ជាងដែកគោល ពិសេសងាយស្រួលក្នុងការជួសជុលពេលក្រោយ។ ក្នុងនោះដែរ ដើម្បីការពារសំណង់ស្ពានឱ្យនៅបានយូរ ក្រុមការងារក៏បានប្រើថ្នាំការពារសត្វល្អិតចង្រៃលាបសាច់ឈើផងដែរ។
ស្ពានឈើក្នុងប្រាសាទបេងមាលាមានប្រវែងសរុប២៩៥ម៉ែត្រ ធ្លាប់ធ្វើការជួសជុលបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥ ២០០៨ និង២០១៥។ ដោយសារស្ពានចាស់មានសភាពទ្រុឌទ្រោមមានទំហំតូច ចង្អៀតមិនសមនឹងកំណើនទេសចរ ទើបអាជ្ញាធរជាតិអប្សរាបានសម្រេចធ្វេីការរុះរើនិងសាងសង់ថ្មីប្រវែង២១៥ម៉ែត្រលើប្រវែងសរុបស្ពាននេះចំណាយឈើអស់៨៣ម៉ែត្រគូប ដែលធ្វើពីឈើគគីរ ផ្ចឹក និងរាំង មានការរចនាស្អាត រឹងមាំអាចធន់បានរហូតដល់ជាង១០ឆ្នាំ ថែមទាំងបានពង្រីកទំហំពី៨០សង់ទីម៉ែត្រទៅ១.៥០ម៉ែត្រ ដើម្បីទេសចរងាយស្រួលដើរទស្សនាទៅវិញទៅមក៕







ប្រភព៖អាជ្ញាធរជាតិអប្សរា
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី