កុំចេះតែហ៊ាន! ថៃនឹងដាក់ការផាកពិន័យរហូតដល់ ៥,០០០បាត ដល់អ្នកបើកបរតាក់ស៊ីរូបណា ដែលហ៊ានមិនទទួលការហៅរបស់ភ្ញៀវ
ថៃ៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកគ្រោងនឹងបន្ថែមការផាកពិន័យ សម្រាប់អ្នកបើកបរតាក់ស៊ី ដែលបដិសេធការហៅឱ្យឈប់របស់អ្នកដំណើរ ពី ២,០០០ ទៅ ៥,០០០បាត (ប្រហែល១៦០ដុល្លារអាមេរិក) ខណៈមេបណ្ដាញអ្នកបើកបរតាក់ស៊ីម្នាក់ គាត់បានត្អូញត្អែរថា ពេលខ្លះពួកគាត់ចាំបាច់ត្រូវតែច្រានចោលការហៅរបស់ភ្ញៀវ។

យ៉ាងណាក៏ដោយលោក Thanee Suebrer អគ្គនាយករងនាយកដ្ឋានដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេបានស្នើឱ្យច្របាច់បញ្ចូលគ្នារវាងច្បាប់ដឹកជញ្ជូនផ្លូវគោក និងច្បាប់យានយន្ត ហើយបញ្ជាក់ថា វិក័យប័ត្រធ្វើវិសោធនកម្មនេះរួមមានការបន្ថែមថ្លៃផាកពិន័យ ពី ២,០០០ ទៅ ៥,០០០បាត សម្រាប់អ្នកបើកបរតាក់ស៊ីណា ដែលហ៊ានបដិសេធអ្នកដំណើរ។
លោកបាននិយាយថា ការដាក់បន្ថែមនេះគឺសំដៅលើការពិន័យសម្រាប់អ្នកបើកបរតាក់ស៊ីដែលប្រព្រឹត្តបទល្មើស ដែលវាក៏ដូចគ្នាទៅនឹងការដឹកជញ្ជូនសាធារណៈផ្សេងទៀតផងដែរ។ នៅប្រទេសថៃ តាក់ស៊ីដែលបដិសេធមិនទទួលយកអ្នកដំណើរ គឺជារឿងដែលមានការប្ដឹងផ្ដល់ជាញឹកញាប់បំផុត ដែលមានលេខទូរស័ព្ទរាយការណ៍បន្ទាន់លេខ ១៥៨៤ (នាយកដ្ឋានដឹកជញ្ជូន) ។
ទោះយ៉ាងណាក៏ដោយលោក Withoon Naewpanit ប្រធានបណ្ដាញអ្នកបើកបរតាក់ស៊ីនៅទីក្រុងបាងកកបាននិយាយថា ជួនកាលអ្នកបើកតាក់ស៊ីត្រូវបដិសេធអ្នកដំណើរ ដោយសារពេលខ្លះអ្នកដំណើរគ្រាន់តែចង់ផ្ញើខ្លួនធ្វើដំណើរតាមផ្លូវជាមួយម្ចាស់តាក់ស៊ីលើសពីថ្លៃឈ្នួល និងខ្លះវិញចង់ឈប់តាមផ្លូវជាច្រើនដំណាក់។ លោក Withoon គាត់បាននិយាយថា អ្នកបើកបរតាក់ស៊ីរកប្រាក់ចំណូលបានទាបណាស់ ហើយថ្លៃសំបុត្រធ្វើដំណើរមិនមានការឡើងថ្លៃអស់រយៈពេលជាយូរមកហើយ៕
អត្ថបទ៖ លីដា