ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រេចដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអ៊ីរ៉ង់ គោលដៅនៃការដាក់ទណ្ឌកម្មរួមមាន មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei និងមន្រ្តីជាន់ខ្ពស់ដទៃទៀត។ ហើយការដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ លោក Trump បានថ្លែងទៅកាន់អ្នកយកព័ត៌មាន មុនពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃចន្ទថា ទណ្ឌកម្មដែលបានដាក់នេះ នឹងធ្វើឱ្យមេដឹកនាំជាន់ខ្ពស់ និងការិយាល័យរបស់អ្នកដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ មិនអាចទទួលបាននូវធនធាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុសំខាន់ៗនោះទេ។

លោកប្រធានាធិបតីបាននិយាយថា មេដឹកនាំអ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះអ្វី ដែលលោក Trump ហៅថា «នាំមកនូវអរិភាព» របស់របបនេះ។ ក្រសួងរតនាគារអាម៉េរិកបាននិយាយថា ខ្លួនក៏ដាក់ទណ្ឌកម្មលើមេបញ្ជាការយោធាអ៊ីរ៉ង់ចំនួន ៨នាក់ ហើយបានបង្ហាញថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏នឹងត្រូវដាក់ទណ្ឌកម្មដែរ។ ទន្ទឹមនឹងនេះដែរលោកប្រធានាធិបតី Trump បាននិយាយថា លោកមិនចង់មានជម្លោះជាមួយប្រទេសណាមួយទេ មិនថាប្រទេសអ៊ីរ៉ង់ ឬប្រទេសដទៃទៀត។ លោកបានបន្ថែមថា លោកទន្ទឹងរង់ចាំថ្ងៃដែលទណ្ឌកម្មអាចត្រូវបានដក ហើយអ៊ីរ៉ង់នឹងក្លាយជាប្រទេសដែលមានសន្តិភាព និងវិបុលភាព។ ទោះជាយ៉ាងណាក៏ដោយវាទំនងជាអ៊ីរ៉ង់នឹងប្រតិកម្មទៅនឹងសកម្មភាពរបស់អាមេរិកវិញ ហើយភាពតានតឹងអាចកើនឡើងថែមទៀត៕

អត្ថបទ៖ លីដា