ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូថ្នាក់មត្តេយ្យម្នាក់ត្រូវបានគេបណ្តេញចេញពីសាលា បន្ទាប់ពីបែកធ្លាយរឿងដាក់ទណ្ឌកម្មសិស្ស ២នាក់ ឱ្យនៅហាលថ្ងៃក្ដៅហួតហែង

    BY autoadmin June 25, 2019
    គ្រូថ្នាក់មត្តេយ្យម្នាក់ត្រូវបានគេបណ្តេញចេញពីសាលា បន្ទាប់ពីបែកធ្លាយរឿងដាក់ទណ្ឌកម្មសិស្ស ២នាក់ ឱ្យនៅហាលថ្ងៃក្ដៅហួតហែង

    គ្រូបង្រៀនថ្នាក់មត្តេយ្យម្នាក់នៅឯភាគអាគ្នេយ៍ប្រទេសចិន ត្រូវបានគេបណ្តេញចេញពីការងារ ក្រោយពីបានបង្ខំឱ្យសិស្ស ២នាក់ ចេញទៅក្រៅថ្នាក់នៅក្រោមកម្ដៅព្រះអាទិត្យ ដើម្បីជាការដាក់ទណ្ឌកម្មចំពោះ «ការរំខាន» សិស្សផ្សេងទៀតអំឡុងពេលសម្រាក។ យោងតាមកាសែត The Paper បានឱ្យដឹងថា ឧបទ្ទវហេតុដែលបានបង្កឱ្យមានកំហឹងពេញបណ្តាញសង្គមចិន បានកើតឡើងនៅថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា នៅឯសាលាមត្ដេយ្យ Da Feng Che នៅក្នុងទីក្រុង ​Zhangzhou ខេត្ត Fujian ។

    ការគេងម្រាកនៅពេលថ្ងៃត្រង់តែងតែត្រូវបានអនុវត្តនៅសាលាមត្តេយ្យរបស់ប្រទេសចិន ដើម្បីធានាថាកុមារអាចរក្សាថាមពលសម្រាប់ថ្នាក់រៀនវេនរសៀល។ ប៉ុន្តែក្នុងហេតុការណ៍នេះវិញ កូនសិស្សប្រុស/ស្រី មួយគូនេះ មិនព្រមចូលគេងនោះទេ ប៉ុន្តែពួកគេបានរត់លេង និងរំខានដល់មិត្តរួមថ្នាក់របស់ពួកគេទៅវិញ។ ជាលទ្ធផលគ្រូដែលមិនត្រូវបានគេស្គាល់ឈ្មោះម្នាក់នោះ បានបង្ខំពួកគេទាំង ២នាក់ ឱ្យចេញទៅទីធ្លាលេងរបស់សាលា នៅហាលក្រោមពន្លឺព្រះអាទិត្យយ៉ាងក្ដៅហួតហែងបែបនោះទៅ។

    បើមើលតាមវីដេអូខាងក្រោមបានបង្ហាញថា កុមារទាំង ២នាក់ ម្នាក់អង្គុយហាលថ្ងៃ ហើយម្នាក់ទៀតក៏បានគេងនៅហាលថ្ងៃក្បែរគ្នាយ៉ាងគួរឱ្យអាណិត។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា សីតុណ្ហភាពនៅតំបន់នោះបានឡើងដល់ ៣៣អង្សាសេ នៅថ្ងៃកើតហេតុ។ បន្ទាប់ពីមានប្រតិកម្មប្រឆាំង រដ្ឋាភិបាលទីក្រុងបានប្រកាសថា គ្រូមត្តេយ្យម្នាក់នោះត្រូវបានគេបណ្តេញចេញពីការងាររបស់នាង ខណៈដែលសាលារៀនក៏ត្រូវបានគេបញ្ជាឱ្យបិទទ្វារ៕

    អត្ថបទ៖ លីដា

    Share This Post: