គិតមកទល់ពេលនេះជំនួយទទួលបានសរុបជាង២លានដុល្លាអាមេរិកហើយ ដោយក្រុមគ្រួសារនៃសពចំនួន២៨នាក់ ម្នាក់នឹងទទួលបានថវិកាជាង៦ម៉ឺនដុល្លារអាមេរិក
នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថាជំនួយដែលសម្តេចបានអំពាវនាវពីសប្បុរសជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លាចំនួន ២,១៩៨,៤០០ដុល្លាអាមេរិក។
សម្តេចបានបញ្ជាក់ថាថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លា សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លា។ ថវិកានៅសល់ ១,៨៩៨,៤០០ដុល្លា ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន ៦៧,៨០០ដុល្លានេះមិនគិតពីថវិការរាជរដ្ឋាភិបាល១មុឺនដុល្លារដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។
ថវិកាដែលជូនដល់ជនរងគ្រោះសម្តេចបានចាត់តាំងឲ្យលោកសេង ទៀង នាយករងខុទ្ទកាល័យ រៀបចំជូនក្រុមគ្រួសារសពតាមរយៈធានាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។ សម្តេចបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយជាថវិការសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។ ក្នុងនោះសម្តេចតេជោក៏បាន បញ្ចប់ខ្លឹមសារយ៉ាងដូច្នេះថា៖ “ជាថ្មីម្តងទៀតសូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានះជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)”៕




ដោយ៖ ណារ៉ែន