ថៃគ្រោងឲ្យអ្នកប្រើស៊ីមកាតទាំងអស់ចុះឈ្មោះសារជាថ្មី តម្រូវឲ្យស្គែនក្រយ៉ៅដៃ និងស្គែនមុខថែមទៀត
ថៃ៖ ដើម្បីធនាបាននូវសុវត្ថិភាព និងសន្តិសុខសង្គម អាជ្ញាធរថៃគ្រោងនឹងឲ្យអ្នកប្រើប្រាស់ស៊ីមកាតទាំងអស់ មកចុះឈ្មោះប្រើប្រាស់សារជាថ្មីម្តងទៀត ដើម្បីឲ្យបានដឹងអំពីព័ត៌មានជាក់ស្តែងរបស់អ្នកប្រើប្រាស់ទាំងអស់នោះក្នុងពេលចប្ចុប្បន្ន។ កន្លងមកមានស៊ីមកាតមួយចំនួនមិនត្រូវបានចុះឈ្មោះត្រឹមត្រូវនោះទេ ដូចជាក្នុងករណីទិញស៊ីមកាត់ដោយមិនបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណ អ្នកប្រើប្រាស់ខ្ចីអត្តសញ្ញាណប័ណ្ណគេមកទិញស៊ីម ឪពុកម្តាយប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្លួន ដើម្បីទិញស៊ីមកាតឲ្យកូនៗដែលគ្មានអត្តសញ្ញាណប័ណ្ណប្រើ ឬប្រើប្រាស់ស៊ីមកាតតៗគ្នាដោយមិនដឹងថាអនាជាម្ចាស់ស៊ីមកាតនោះពិតប្រាកដ។
បញ្ហាដូចបានរៀបរាប់ខាងលើនេះហើយ ដែលអាចបង្កទៅភាពស្មុគស្មាញក្នុងការស្វែងរកទិន្នន័យពិតប្រាកដរបស់ម្ចាស់ស៊ីមកាតដែលកំពុងប្រើប្រាស់។ បើយោងតាមគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិរបស់ថៃបានឲ្យដឹងថា គេបានផ្តល់រយៈពេលចំនួន១៨០ថ្ងៃ ដើម្បីឲ្យការចុះឈ្មោះសារជាថ្មី ហើយគេរំពឹងថាយ៉ាងយោចណាស់ក៏មានអ្នកប្រើប្រាស់ប្រមាណជា ៥០,០០០នាក់ ដែលនឹងមកធ្វើការចុះឈ្មោះប្រើប្រាស់ស៊ីមការសារជាថ្មីនេះ។
យោងតាមគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិរបស់ថៃបានឲ្យដឹងថា បើគម្រោងនេះដំណើរការមែន ស៊ីមកាតទាំងអស់នឹងត្រូវចុះឈ្មោះសារជាថ្មីជាមួយនឹងការស្គែនក្រយ៉ៅដៃ និងស្គែនមុខទៀតផង៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost