ត្រីនាគ Oarfish ប្រវែង ៤ម៉ែត្រ បង្ហាញខ្លួននៅហ្វីលីពីន ដែលបណ្តាលឱ្យអ្នកស្រុកភ័យព្រួយខ្លាចមានរលកយក្សស៊ូណាមី
ត្រីនាគ Oarfish ដែលមានប្រវែងប្រហែល ១៣.៩ ហ្វីត (ជាង ៤ម៉ែត្រ) និងទទឹង ១.៦ហ្វីត ត្រូវបានគេប្រទះឃើញនៅលាក់ខ្លួន នៅជិតតំបន់ Barangay Poblacion ទីប្រជុំជន Compostela ភាគខាងជើងក្រុង Cebu ប្រទេសហ្វីលីពីន នៅម៉ោងប្រហែល ២ រសៀល ថ្ងៃទី២៤ ខែមិថុនា កន្លងទៅថ្មីៗ។ ប៉ុន្តែគួរឱ្យស្តាយដែលត្រីនាគនេះបានស្លាប់ភ្លាមៗ បន្ទាប់ពីអ្នកស្រុកមួយចំនួនព្យាយាមយកវាចេញពីថ្មដែលជាកន្លែងលាក់ខ្លួនរបស់វា។

យ៉ាងណាមិញវាមិនច្បាស់ទេថា ហេតុអ្វីត្រីនាគ Oarfish នេះឡើងមកលើទឹករាក់ ព្រោះថាប្រភេទត្រីនេះរស់នៅតែក្នុងទឹកជ្រៅប៉ុណ្ណោះ។ យ៉ាងណាក៏ដោយអ្នកដែលបានរកឃើញត្រីនេះបាននិយាយថា ភ្លាមនោះគេឃើញវាបានលាក់ខ្លួននៅក្នុងផ្ទាំងថ្ម ដែលស្ថិតនៅក្បែរដងទន្លេ ហើយពួកគេបានព្យាយាមចាប់វាដោយកាន់ក្បាល ហើយចាប់ផ្ដើមទាញវាឡើងដោយមិនដឹងថា វាមានខ្លួនទន់នោះទេ ដែលវាជាមូលហេតុត្រីនេះដាច់ក្បាលស្លាប់។ លោក Harley Dean Grengia មកពី Compostela MDRRMO បាននិយាយថា បន្ទាប់ពីវាស្លាប់ហើយ អ្នកស្រុកក៏បានកប់ត្រីនោះនៅលើច្រាំងតែម្ដង។
លោកបានបន្តប្រាប់ CDN ឌីជីថលថា វាគឺជាលើកទីមួយហើយ ដែលត្រីនាគ Oarfish មួយនេះបានបង្ហាញខ្លួននៅដែនទឹករបស់ពួកគេ។ ចំណែកអ្នកស្រុកខ្លះនិយាយថា វត្តមាននៃត្រីនាគ Oarfish ត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកនាំសារគ្រោះរញ្ជួយដីដែលនឹងជិតមកដល់ (ឬរលកយក្សស៊ូណាមី)។ ប៉ុន្ដែយ៉ាងណាក៏ដោយលោក Dean Grengia បាននិយាយថា នេះប្រហែលជាមិនពិតនោះទេ។ លោកថែមទាំងបានបដិសេធសុំមិនធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ ដោយនិយាយថា លោកមិនមានមូលដ្ឋានវិទ្យាសាស្រ្តសម្រាប់គំនិតផ្ទាល់របស់លោកនោះទេ៕



អត្ថបទ៖ លីដា