នារីវ័យក្មេងម្នាក់គាំងបេះដូងស្លាប់ បន្ទាប់ពីអារកដៃធ្វើអត្តឃាត ក្រោយប្រឡងចូលមហាវិទ្យាល័យមិនជាប់
នារីម្នាក់មកពីខេត្ត Bohol ប្រទេសហ្វីលីពីន បានស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យ និងត្រូវបានគេបោកយកប្រាក់អស់រាប់ពាន់ប៉េសូ (រូបិយវត្ថុហ្វីលីពីន)។ របាយការណ៍បានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះថា Camiel Ann Humol អាយុ ១៩ឆ្នាំ ជាអ្នករស់នៅក្នុងទីប្រជុំជន Barangay Santo Tomas ក្នុងទីក្រុង Trinidad បានស្លាប់កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ បន្ទាប់ពីនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាតដោយការអារកដៃខ្លួនឯង បន្ទាប់ពីប្រឡងចូលមហាវិទ្យាល័យមិនជាប់។ នាងត្រូវបានគេរាយការណ៍ថា មានអាការរំជួលចិត្ដយ៉ាងខ្លាំងអំឡុងពេលបញ្ចូនទៅមន្ទីរពេទ្យ Gov. Celestino Gallares មុនពេលឈានដល់ការគាំងបេះដូងស្លាប់នេះ។

យោងទៅតាមម្តាយរបស់នាង Camiel Ann Humol បានឱ្យដឹងថា នាងធ្លាប់មានក្តីស្រមៃចង់ក្លាយទៅជាគ្រូបង្រៀនម្នាក់ ហើយនាងមានអារម្មណ៍ភ័យខ្លាច នៅពេលនាងបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យក្រុង Trinidad ។ ពួកគេក៏បានទទួលដំណឹងផងដែរថា នាងត្រូវបានគេបោកអស់លុយចំនួន ៥០,០០០ប៉េសូ (៩៧០ដុល្លារអាមេរិក) ដោយសារជីដូនរបស់នាងទទួលបានសារបោកប្រាស់ថា នាង Humol ត្រូវរង្វាន់ ៧០០,០០០ប៉េសូ (១៣,៥៨០ដុល្លារ) ពីជនម្នាក់ឈ្មោះ Ramon Lopez ។
ដើម្បីបានលុយ ១៣,៥៨០ដុល្លារអាមេរិក នាងត្រូវតែវេរលុយឱ្យគេ ៥០,០០០ប៉េសូ សម្រាប់ថ្លៃឈ្នួល ដូច្នេះហើយទើបនាងលួងជីដូនឱ្យទៅខ្ចីលុយគេ លក់គោ និងបញ្ជាំដីស្រែ ដើម្បីយកលុយវេរឱ្យជនឈរបោកម្នាក់នោះ។ នាងចាប់ផ្ដើមវេរលុយម្ដងបន្តិចៗ ទៅឱ្យជនឈ្មោះ Ramon Lopez តាំងពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី២៤ ខែឧសភា ប៉ុន្តែនៅខ្វះ ១,៦០០ប៉េសូ ទៀតទើបគ្រប់ ៥០,០០០ប៉េសូ តាមគោលការ។ យ៉ាងណាមិញពេលនេះនាងបានស្លាប់ទៅហើយ ចំណែកគ្រួសាររបស់នាងគ្រោងនឹងសុំជំនួយពីអាជ្ញាធរ ដើម្បីកំណត់អត្តសញ្ញាណ និងកំណត់ទីតាំងដែលជនបោកប្រាស់បានផ្ញើសារទាងនោះមកនាង៕

អត្ថបទ៖ លីដា