ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាសែក១០ម៉ឺន ចំនួន៥សន្លឹក សរុប ៥០ម៉ឺនដុល្លាររបស់អតីតមេប៉េអឹម គឹម រស្មី ដែលចែកឲ្យកូនៗ មិនមានលុយទេ “គឺអួតសំញ៉ែងទ្រព្យប៉ុណ្ណេះ” គាត់ខុស ខុសត្រង់សំញ៉ែងទ្រព្យ…
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក ឱម យ៉ិនទៀង បានថ្លែងប្រាប់អ្នកកាសែតថា ករណីស៊ើបអង្កេតលើ លោក គឹម រស្មី គឺរកមិនឃើញបទល្មើសអ្វីឡើយ ក្រៅពីការសំញ៉ែងទ្រព្យ តែនៅបន្តស៊ើបអង្កេតលើលោក គឹម រស្មី លើករណីបទល្មើសព្រៃឈើ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់យ៉ាងដូច្នេះថា “សែកដែលអតីតមេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ១០ម៉ឺនដុល្លារ ៥សន្លឹកចែកឲ្យកូនៗ៥នាក់នោះ សែកនោះអត់បានទៅបើកទេ ហើយសែកដូចជាចំនួន ២សន្លឹកនោះ ដូចជាហែកចោល។ កូនដែលហែកសែកនោះចោល និយាយថា សែកនោះចង្រៃអត់មានលុយហើយ ឪរបស់ខ្លួនអស់បុណ្យ អស់ស័ក្តិទៀត។ យើងបានហៅគាត់មកសួរចម្លើយ មើលទ្រព្យសម្បត្តិរបស់គាត់ ទាំងផ្ទះ ទាំងឡាន និងលុយដាក់នៅធនាគារទាំងអស់»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់បន្តថា «ឯលុយ ៥០ម៉ឺនដុល្លារនោះ អត់មានទេ ព្រោះលុយក្នុងធនាគាររបស់គាត់ មានមិនគ្រប់៥០ម៉ឺនដុល្លារផង បានអីបើកសែក គឺអត់មានលុយទេ គឺអួតសំញ៉ែងទ្រព្យទេ បញ្ហាគាត់គឺខុស ខុសត្រង់ការសំញ៉ែងទ្រព្យ…ចំណែកច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជាយើង អត់មានដាក់គុកករណីសំញ៉ែងទ្រព្យនោះទេ ចំណែកប្រទេសគេគឺមាន។ ករណីនេះហាក់ដូចជាចប់ ប៉ុន្តែលោក គឹម រស្មី នេះភ័យទៀត គឺ យើងខ្ញុំនៅបន្តស៊ើបអង្កេតរឿងផ្សេងទៀត»៕




