មេ ACU លោកឱម យ៉ិនទៀង ថ្លែងថា ស្នងការរងខេត្តកណ្តាល ស្រេង សុខា មានទោសសំញ៉ែងដូចគ្នា នាឡិកា និងក្បាលខ្សែក្រវ៉ាត់ដាំពេជ្រ គឺសុទ្ធតែរបស់ក្លែងក្លាយ
កាលពីប៉ុន្មានខែមុននេះ នៅក្នុងបណ្តាញសង្គមហ្វេសបុកបានល្បីល្បាញលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ដែលបានភ្ជាប់ពាក្យជាមួយកូនក្រមុំស្រស់ស្អាតម្នាក់ ដោយជូនបណ្ណាការខាងស្រី ១០ម៉ឺនដុល្លារ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៀតផង។ ក្រោយពីល្បីល្បាញមិនបានប៉ុន្មានផង ស្រាប់តែអ្នកលេងហ្វេសបុកបានបង្ហោះរូបនាឡិកា និងខ្សែក្រវ៉ាត់ដាំពេជ្ររបស់ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែលធ្វើឲ្យមហាជនមានការបញ្ចេញមតិជាច្រើន។
ចំពោះករណីនេះ កាលពីម្សិលមិញ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានថ្លែងថា ” ឯស្នងការរងនេះដូចគ្នា លុយខាងស្រីមួយគំនរ ទោសសំញ៉ែងដូចគ្នា វារកឃើញច្រើន តែបើនិយាយទៅវាខ្មាស់គេតិច អានាឡិកាពាក់អីសុទ្ធតែក្លែងក្លាយទេ អត់មានអីប៉ុន្មានទេលោកបងហ្នឹងនោះ ប៉ុន្តែវាឃើញឡានគេល្អវាទៅថតរូបជាមួយ ដើម្បីទៅសំញ៉ែងគេ ហើយនាឡិកាពេជ្រគឺក្លែងក្លាយទេ តែម្ភៃប៉ុន្មានរៀលទេ គាត់អួតប្រាប់គេថាអាហ្នឹង ៤ ម៉ឺន តែហេតុអ្វីបានខ្ញុំជឿ ពេលទៅមើលឃើញត្បូងប៉ុន្មានគ្រាប់ ហើយមើលកាន់តែជិតបានដឹងស្លកពណ៌ កាឡៃ “៕





