លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលបានឈរលើទឹកដីតំបន់គ្មានយោធា DMZ ព្រំដែនកូរ៉េខាងជើង-ត្បូង
ជាមួយនឹងស្នាមញញឹម និងការចាប់ដៃគ្នា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្វាគមន៍លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំរបស់កូរ៉េខាងជើង នៅឯតំបន់គ្មានយោធា (DMZ) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីស្វះស្វែងរកការចរចាឡើងវិញស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ក្នុងកិច្ចខិតខំសម្រាប់កិច្ចព្រមព្រៀងជាប្រវត្ដិសាស្ដ្រ។ ជំនួបនេះបានធ្វើឱ្យលោក ដូណាល់ ត្រាំ បានក្លាយជាអ្នកដឹកនាំអាមេរិកដំបូង ដែលបានឈានជើងចូលទឹកដីតំបន់គ្មានយោធា (Demilitarized Zone) ព្រំដែនកូរ៉េខាងជើង-ត្បូង។

ជាមួយនឹងរូបថតដំបូងបង្អស់ជាប្រវត្ដិសាស្ដ្រ នៅក្នុងកិច្ចផ្សាភ្ជាប់គ្នារវាងប្រទេសទាំងពីរដែលជាកំពុងមានជម្លោះ ជាការកត់សម្គាល់នៃការវិលត្រឡប់មករកទំនាក់ទំនងគ្នារវាងមេដឹកនាំទាំង ២ ចាប់តាំងពីកិច្ចពិភាក្សាបានបរាជ័យកាលពីអំឡុងកិច្ចប្រជុំកំពូលមួយនៅវៀតណាមកាលពីខែកុម្ភៈ។ រឿងរបស់លោក ដូណាល់ ត្រាំ ដែលបានឆ្លងកាត់ទឹកដីតំបន់គ្មានយោធាកូរ៉េខាងជើង បានក្លាយជាព្រឹត្ដិការណ៍គួរឱ្យកត់សម្គាល់ចុងក្រោយបំផុត ក្នុងរយៈពេលពីរឆ្នាំនៃការទូតរវាងប្រទេសទាំងពីរ។ លោក ត្រាំ បានប្រាប់លោក គីម ថានៅពេលដែលពួកគេបានជួបគ្នានៅក្នុងអគារមួយដែលគេស្គាល់ថាជា «ផ្ទះសេរីភាព» នៅខាងកូរ៉េខាងត្បូង វាគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ពិភពលោក៕


អត្ថបទ៖ លីដា