ក្រុងព្រះសីហនុ មានការវិនិយោគច្រើនពីជនបរទេស ដោយសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងក្លិបកំសាន្តរាប់រយកន្លែង ជនបរទេសជាអ្នកគ្រប់គ្រង
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាប្រធានក្រុមការងារចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គម នៅខេត្តព្រះសីហនុ បានដឹកនាំបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីបន្តនិរន្តរភាពការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ រក្សារបៀបរៀបរយក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែប្រសើរឡើង ដោយកិច្ចប្រជុំនេះបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្នុងនោះផងដែរនៅក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរាយការណ៍នូវស្ថានភាពទូទៅក្នុងក្រុងព្រះសីហនុ ដោយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា៖ “ស្ថានភាពទូទៅខេត្តព្រះសីហនុមានការវិនិយោគច្រើនពីជនបរទេស ជនជាតិចិន ធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដូចជាកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ព្រមទាំងមុខរបរផ្សេងៗជាច្រើនទៀត ភាគច្រើនគ្រប់គ្រងដោយជនជាតិចិន។
– សណ្ឋាគារនិងផ្ទះសំណាក់ចំនួន១៥៦កន្លែង គ្រប់គ្រងដោយជនជាតិចិនចំនួន១៥០កន្លែង។
– កាស៊ីណូចំនួន៦២កន្លែង វិនិយោគដោយជនបរទេស៤៨កន្លែង។
- ក្លិបកំសាន្ត ខារ៉ាអូខេ ៤១កន្លែងគ្រប់គ្រងដោយជនជាតិចិន។
- ហាងម៉ាស្សាចំនួន៤៦ កន្លែងគ្រប់គ្រងដោយជនជាតិចិន។
- ភោជនីយដ្ឋានចំនួន៤៣៦ គ្រប់គ្រងដោយជនជាតិចិន៩៥%៕




ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ
ដោយ៖ ណារ៉ែន