ក្រសួងការងារ ប្រកាសផ្តល់អាហារូបករណ៍រៀនជំនាញជាងជួសជុលដល់យុវជនមួយរូប ដែលរស់រានមានជីវិតក្រោយជាប់ក្រោមគំនរអគារជាង២ថ្ងៃកន្លះ
កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្តល់អាហារូបករណ៍ជូនជនរងគ្រោះមួយរូបដែលរស់រានមាន ជីវិតក្រោយពីការដួលរលំអគារ៧ជាន់។ ដោយជនរងគ្រោះរូបនោះមានឈ្មោះ កាក់ គា អាយុ ១៨ឆ្នាំ ជាជនរងគ្រោះ ដែល នៅរស់រានមានជីវិត ក្រោយពីជាប់ក្នុងគំនរថ្មជាង២ថ្ងៃកន្លះ កន្លងមកជនរងគ្រោះចង់រៀនជំនាញជាជាងជួសជុល ក្រោយចេញពីមន្ទីរពេទ្យ។
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានផ្តល់អាហារូបករណ៍ជូនយុវជន កាក់ គា សម្រាប់ការសិក្សារហូតដល់ចប់ ក្រោយពេលបញ្ចប់ការសិក្សាក្រសួងនឹងជួយរកការងារឱ្យធ្វេី ឬជួយប្រឹក្សាយោបល់ក្នុងការបង្កេីត មុខរបរ ជូនយុវជនរូបនោះផងដែរ។ សូមប្រិយមិត្តអ្នកអានសូមធ្វើការចែករំលែកដើម្បីឲ្យដល់សាច់ញាតិ មិត្តភក្តិរបស់ជនរងគ្រោះ សូមទាក់ទងមកក្រសួងតាមលេខទូរស័ព្ទ 017 747 773/ 010 747 773។ ជំនាញជួសជុលរួមមាន រថយន្ត/ម៉ាស៊ីន ធុនតូច ម៉ាស៊ីនត្រជាក់/ទូរទឹកកក គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក ក្រឡឹង/ផ្សាដែក កាត់វ៉ែនតាអ៊ុបទិក និងមានជំនាញផ្សេងៗទៀតជាច្រេីន។
គួររំលឹកថាយុវជន កាក់ គា និងកម្មករសំណង់ម្នាក់ទៀត ត្រូវបានក្រុមសង្គ្រោះរកឃើញរស់រានមានជីវិតក្រោមគំនរអគារបាក់បែកក្រោយគេពោលគឺជាប់ក្នុងគំនរថ្មជាង២ថ្ងៃកន្លះ នឹងត្រូវបានសម្តេចតេជោ ហ៊ុនសែន ធ្វើការឧបត្ថម្ភជាទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិកផងដែរ៕




ប្រភព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ដោយ៖ ណារ៉ែន