ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនចាប់ផ្តើមការនេសាទត្រីបាឡែនឡើងវិញ បន្ទាប់ពីមានការហាមឃាត់ជាង៣០ឆ្នាំ

    BY autoadmin July 1, 2019
    ជប៉ុនចាប់ផ្តើមការនេសាទត្រីបាឡែនឡើងវិញ បន្ទាប់ពីមានការហាមឃាត់ជាង៣០ឆ្នាំ

    អ្នកនេសាទជប៉ុននឹងចាប់ផ្ដើមចេញទូកនេសាទនៅថ្ងៃច័ន្ទនេះ ដើម្បីបរបាញ់ត្រីបាឡែនជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់ក្រុងតូក្យូ ដកខ្លួនចេញពីគណៈកម្មការនេសាទអន្តរជាតិ (International Whaling Commission) ។ ការប្រមាញ់ជាថ្មីនេះ ទំនងជាធ្វើឱ្យមានការរិះគន់ពីអ្នកបរិស្ថាន និងបណ្តាប្រទេសប្រឆាំងនឹងការនេសាទត្រីបាឡែន ប៉ុន្តែវាជាបុព្វហេតុមួយសម្រាប់ការអបអរសាទរនៅក្នុងសហគមន៍នេសាទត្រីបាឡែននៅក្នុងប្រទេសជប៉ុន ដែលពួកគេគិតថា ការអនុវត្តនេះគឺជាប្រពៃណីដ៏យូរលង់មួយរបស់ពួកគេ។

    បញ្ហានេះក៏បានធ្វើឱ្យមានការឈឺចាប់ផ្នែកការទូតសម្រាប់ប្រទេសជប៉ុនអស់ជាច្រើនឆ្នាំ ព្រោះតែក្រុងតូក្យូបានធ្វើឱ្យមានចន្លោះប្រហោងក្នុងច្បាប់របស់គណៈកម្មការនេសាទអន្តរជាតិ IWC ដើម្បីអនុវត្តការប្រមាញ់នៅតំបន់ការពារអង់តាក់ទិក សម្រាប់គោលបំណងស្រាវជ្រាវ «វិទ្យាសាស្រ្ត» ។ ការប្រមាញ់របស់ជប៉ុនត្រូវបានគេរិះគន់យ៉ាងខ្លាំង ខណៈជប៉ុនក៏បានសម្រេចចិត្តដកខ្លួនពី IWC កាលពីឆ្នាំមុន បន្ទាប់ពីបានបរាជ័យម្តងហើយម្តងទៀតដើម្បីបញ្ចុះបញ្ចូលគណៈកម្មការ ដើម្បីអនុញ្ញាតឱ្យពួកគេបន្តពាណិជ្ជកម្មត្រីបាឡែននេះ។

    នាវានេសាទត្រីបាឡែននឹងត្រូវធ្វើដំណើរចេញពីផ្នែកជាច្រើននៃប្រទេសជប៉ុនក្នុងថ្ងៃចន្ទនេះ រួមទាំងទីក្រុង Kushiro នៅភាគខាងជើងកោះ ហុកកៃដូ របស់ប្រទេសជប៉ុន។ ហើយក្រុមនាវាតូចៗចំនួន ៥ ក៏បានចុះចតរង់ចាំនៅកំពង់ផែ តាំងពីថ្ងៃអាទិត្យ សម្រាប់ទទួលស្វាគមន៍ការចាប់ផ្ដើមឡើងវិញនេះ។ លោក Yoshifumi Kai ប្រធានសមាគមនេសាទត្រីខ្នាតតូចជប៉ុនបានប្រាប់ AFP ថា៖ «យើងរំភើបរីករាយណាស់ ក្នុងការបន្តការនេសាទត្រីបាឡែនពាណិជ្ជកម្មនេះ»។ លោកបន្ថែមថា «បេះដូងរបស់ខ្ញុំ គឺពេញទៅដោយក្តីសង្ឃឹម»៕

    អត្ថបទ៖ លីដា

    Share This Post: