មនុស្ស ១០នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅរដ្ឋ Texas សហរដ្ឋអាមេរិក
ក្រុមមន្ត្រីបានឱ្យដឹងថា យន្តហោះធុនតូចមួយបានធ្លាក់ នៅឯរដ្ឋ Texas កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកដំណើរទាំងអស់ ១០នាក់។ អ្នកស្រី Mary Rosenbleeth អ្នកនាំពាក្យឱ្យតំបន់ Addison នៅភាគខាងជើងនៃទីក្រុង Dallas រដ្ឋ Texas បាននិយាយថា យន្តហោះម់ូដែល Beechcraft BE-350 King Air បានធ្លាក់ចូលក្នុងឃ្លាំងទុកយន្ដហោះមួយ ខណៈពេលវាកំពុងហោះចេញពីព្រលានយន្តហោះក្នុងតំបន់ ធ្វើដំណើរទៅកាន់ក្រុង St. Petersburg ក្នុងរដ្ឋ Florida ។

លោក Bruce Landsberg មន្ត្រីម្នាក់មកពីគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា ពុំមាននរណាម្នាក់នៅក្នុងឃ្លាំងឯកជននោះទេ ប៉ុន្តែយន្តហោះ និងឧទ្ធម្ភាគចក្រ ២គ្រឿង ដែលនៅក្នុងឃ្លាំងត្រូវបានខូចខាត។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា យន្ដហោះម៉ូដែល Beechcraft ត្រូវបានបំផ្លាញដោយអគ្គីភ័យ បន្ទាប់ពីបានធ្លាក់។ យ៉ាងណាមិញពុំទាន់មានរបាយការណ៍ទាក់ទិនអំពីមូលហេតុច្បាស់លាស់នៃការធ្លាក់នោះទេ៕

អត្ថបទ៖ លីដា