ទ្វីបអង់តាកទិកមានការរលាយទឹកកកយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០១៤ មក
យោងតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា បន្ទាប់ពីបានពង្រីកខ្លួនយ៉ាងអាថ៌កំបាំងជាច្រើនទសវត្សមកនោះ សមុទ្រទឹកកករបស់ទ្វីបអង់តាកទិកបានចាប់ផ្ដើមរលាយយ៉ាងគួរឱ្យបារម្មណ៍បំផុត។ អ្នកវិទ្យាសាស្ដ្របានដឹងរួចហើយថា ទី្វបអង់តាក់ទិកត្រូវបានរលាយទៅក្នុងអត្រាកំណើនដូចនឹងតំបន់អាកទិកដែរ ដោយសារការហូរចេញនៃផ្ទាំងទឹកកកមានភាពលឿនពេក។ ប៉ុន្តែរវាង ឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០១៤ ពួកអ្នកវិទ្យាសាស្ដ្របានសង្កេតឃើញថា អំឡុងពេលនោះផ្ទាំងទឹកកកលើសមុទ្របានរីកលូតលាស់ឡើងវិញយ៉ាងឆាប់រហ័ស។

ប៉ុន្តែចាប់ពី ឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៧ ទ្វីបអង់តាកទិកបានបាត់បង់ទឹកកកទៅវិញយ៉ាងឆាប់រហ័សបំផុត បន្ទាប់ពីកកើតវិញយ៉ាងចម្លែកជាច្រើនទសវត្ស។ ក្នុងនោះត្រឹមរយៈពេល ៣ឆ្នាំ នៃការបាត់បង់ផ្ទាំងទឹកកកនៅទ្វីបអង់តាកទិក វាស្មើនឹងការបាត់បង់រយៈពេលរហូតដល់ ៤០ឆ្នាំ នៅតំបន់អាកទិក ហើយនិន្នាការនេះនៅតែបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ពីតំបន់ដែលមានផ្ទៃក្រឡា ១២.៨លានគីឡូម៉ែត្រការ៉េ នៃផ្ទាំងទឹកកក បានស្រកចុះសល់ត្រឹម ២លានគីឡូម៉ែត្រការ៉េ ដោយគ្មានមូលហេតុច្បាស់លាស់។
គួរឱ្យដឹងផងដែរថា ការរលាយផ្ទាំងទឹកកកនៅទ្វីបអង់តាកទិកមិនធ្វើឱ្យកម្ពស់ទឹកសមុទ្រកាន់តែខ្ពស់នោះទេ។ ប៉ុន្តែការបាត់បង់ពន្លឺផ្ទៃពណ៌សរបស់សមុទ្រទឹកកកមានន័យថា កម្ដៅព្រះអាទិត្យត្រូវបានស្រូបយកដោយទឹកសមុទ្រដែលមានពណ៌ងងឹត ហើយវានឹងនាំទៅរកភាពកកកុញនៃកម្ដៅក្ដៅខ្លាំងមកលើផែនដី៕


អត្ថបទ៖ លីដា