អាមេរិកព្រមានថា អ៉ីរ៉ង់កំពុងលេងជាមួយនឹងភ្លើង បន្ទាប់ពីបានបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសអ៉ីរ៉ង់កំពុងលេងជាមួយនឹងភ្លើងហើយ បន្ទាប់ពីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនបានបំពានលើដែនកំណត់នៃការរក្សាទុកអ៊ុយរ៉ានីញ៉ូម របស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានបោះបង់ចោលដោយក្រុងវ៉ាស៊ីនតោន។ អ៊ីស្រាអែលបានអំពាវនាវរដ្ឋអឺរ៉ុបឱ្យដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ខណៈពេលដែលរុស្ស៊ីបានសម្តែងការសោកស្តាយ ប៉ុន្តែបាននិយាយថា ចលនានេះគឺជាផលវិបាកនៃសម្ពាធរបស់សហរដ្ឋអាមេរិក ដែលបានរារាំងកិច្ចព្រមព្រៀងនេះឱ្យដួលរលំ។

ចក្រភពអង់គ្លេសក៏បានអំពាវនាវឱ្យក្រុងតេអេរ៉ង់ «ចៀសវាងជំហ៊ានបន្ទាប់ណាមួយបន្ថែមទៀត» ពីលើកិច្ចព្រមព្រៀងនេះ ហើយអង្គការសហប្រជាជាតិបាននិយាយថា អ៉ីរ៉ង់ត្រូវតែប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។ រដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន ISNA ថា អ៊ីរ៉ង់បានបំពានលើដែនកំណត់ និងបានស្តុកទុកអ៊ុយរ៉ានីញ៉ូម ៣០០គីឡូក្រាម ដោយផ្អែកលើផែនការរបស់ខ្លួន។
ចំណែកលោក ដូណាល់ ត្រាំ វិញបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា៖ «ពួកគេដឹងពីអ្វីដែលពួកគេកំពុងធ្វើ។ ពួកគេដឹងពីអ្វីដែលពួកគេកំពុងលេងជាមួយ ហើយខ្ញុំគិតថា ពួកគេកំពុងលេងជាមួយនឹងភ្លើងហើយ»។ សហរដ្ឋអាមេរិកបានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំមុន និងបានវាយប្រហារទៅលើការនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ក៏ដូចជាវិស័យដទៃទៀតដែលត្រូវបានដាក់ទណ្ឌកម្ម៕

អត្ថបទ៖ លីដា