អគ្គិភ័យឆាបឆេះផ្ទះលក់អាវជជុះតាំងពីកណ្តាលអធ្រាត្ររហូតដល់ភ្លឺ គឺសង្ស័យផ្តើមចេញពីការផ្ទុះធុងហ្គាស
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១ ខែកក្កដា នេះ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះលក់អាវជជុះអស់ជាច្រើនខ្នង នៅចំណុចជាប់សាលារៀនទួនហ្វា ផ្លូវលេខ១៧៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ អាជ្ញាធរ បញ្ជាក់ថា រហូតមកទល់ព្រឹកថ្ងៃទី២ ខែកក្កដា នេះ ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះសង្ស័យផ្តើមចេញពីការផ្ទុះធុងហ្គាស។
ក្នុងហេតុការណ៍នេះ កម្លាំងមានសមត្ថកិច្ចនិងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គិភ័យ មានការពិបាកក្នុងការជួយពន្លត់ជាខ្លាំង ព្រោះទីតាំងកើតហេតុ មានចន្លោះតូចចង្អៀត និង ផ្ទះកើតហេតុ វាងាយស្រួលក្នុងឆាបឆេះផងដែរ ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបែបនេះ ប៉ុន្តែ ក្នុងករណីអគ្គិភ័យនេះ ពុំមានអ្នករងរបួសអ្វីនោះឡើយ ។
ហេតុការណ៍អគ្គិភ័យនេះ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្ឋិដ្ឋានថា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥០គ្រឿង និងឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ៕


ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ
អត្ថបទ៖ សេម










