ឯកឧត្តម គួច ចំរើន ចុះទៅត្រួតពិនិត្យផ្ទាល់ តាមការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យផ្ទាល់ តាមការដ្ឋាននានានៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ។ គួរបញ្ជាក់ថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ពីមកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រកាសលាលែងពីដំណែង ក្រោយកើតមានករណីរលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុ។
ក្នុងការទទួលតំណែងជា អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន គ្រោងនឹងដោះស្រាយ ដោយបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និង បរិស្ថានក្នុងខេត្តកំពុងប្រឈមខ្លាំងទាមទារឱ្យមានដោះស្រាយជាបន្ទាន់។ ឯកឧត្តម គួច ចំរើន បញ្ជាក់ថានៅជំហានដំបូងនេះក្រុមការងារ បច្ចេកទេសធ្វើការសិក្សាលើប្រវែងលូ, តម្លៃនៃការសាងសង់, ការប្រើរយៈពេលនៃការសាងសង់ ព្រមទាំងការវិនិយោគប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង។ ព្រមទាំងមានគម្រោងបង្វែរឡានដឹកទំនិញធុនធ្ងន់ រថយន្ត កុងតឺន័រ ឱ្យបើកបរតាមច្រកស្រុកស្ទឹងហាវវិញ។
ក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានបង្កើតគណៈកម្មការចំនួន៨ ដើម្បីធ្វើការចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេស នៃសំណង់ទាំងអស់ដែលកំពុងសាងសង់នៅលើទឹកដីក្រុងព្រះសីហនុ៕






ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
ដោយ៖ ណារ៉ែន