ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមអះអាងថា ពួកគេជោគជ័យក្នុងការបង្កើតវ៉ាក់សាំង សម្រាប់ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

    BY autoadmin July 3, 2019
    វៀតណាមអះអាងថា ពួកគេជោគជ័យក្នុងការបង្កើតវ៉ាក់សាំង សម្រាប់ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

    សាកលវិទ្យាល័យជាតិកសិកម្មវៀតណាម (VNUA) បានចាប់ផ្តើមស្រាវជ្រាវថ្នាំបង្ការកាលពីចុងខែមីនា បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយអាហ្វ្រិក។ នាយកសាលាអ្នកស្រី Pham Thi Lan បាននិយាយនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា រហូតមកដល់ពេលនេះ ពួកគេបានបង្កើតវ៉ាក់សាំងចំនួន ៤ប្រភេទ ហើយក្នុងនោះពួកគេក៏ទទួលបានជោគជ័យទៅលើជ្រូកចំនួន ១៣ ក្នុងចំណោម ១៤ក្បាល ដែលពួកគេយកទៅធ្វើតេស្តផងដែរ។

    វ៉ាក់សាំងនេះត្រូវបានដាក់ពង្រាយនៅក្នុងបន្ទប់ពិសោធន៍តូចមួយកាលពីចុងខែមេសា។ ហើយក្នុងចំណោមសត្វជ្រូកចំនួន ១៤ក្បាល ដែលត្រូវបានជ្រើសរើសសម្រាប់ធ្វើតេស្ត មានតែមួយក្បាលប៉ុណ្ណោះបានស្លាប់ដោយវីរុស បន្ទាប់ពីការចាក់វ៉ាក់សាំង។ អ្នកស្រី Pham Thi Lan ក៏បាននិយាយថា លទ្ធផលបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដោយសារតែការស្រាវជ្រាវ និងពេលវេលាពិសោធន៏មានរយៈពេលខ្លីពេក ពួកគេត្រូវការការធ្វើតេស្តជាច្រើនផ្សេងទៀត។

    អ្នកស្រី Pham Thi Lan បាននិយាយថា ការបង្កើតវ៉ាក់សាំងកាន់តែប្រសើរគួរតែត្រូវបានបង្កើតឡើងជាមួយនឹងការស្រាវជ្រាវបន្ថែម។ គាត់បានស្នើឡើងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានផ្តល់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការងារនេះ ដើម្បីអាចឈានដល់ទីផ្សារឆាប់ៗនេះ។ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បានមានប្រសាសន៏នៅក្នុងអង្គប្រជុំថា ក្រសួងនឹងចាត់ការភ្នាក់ងារឯកទេស ដើម្បីធ្វើការជាមួយសាកលវិទ្យាល័យដើម្បីអភិវឌ្ឍវ៉ាក់សាំងនៅវៀតណាម។

    គួរឱ្យដឹងផងដែរថា ខេត្ត/ក្រុងចំនួន ៦០ នៃខេត្ត/ក្រុងទាំង ៦៣ នៅទូទាំងវៀតណាមបានឆ្លងរាលដាលនៃជំងឺនេះ។ ហើយគិតមកទល់ពេលនេះសត្វជ្រូកចំនួនជាង ២.២លានក្បាល ត្រូវបានសម្លាប់ចោលដែលបណ្តាលឱ្យវៀតណាមមានការខាតបង់យ៉ាងហោចណាស់ ៣.៦ទ្រីលានដុង (១៥៤.៧៧លានដុល្លារ)។ ជំងឺគ្រុនជ្រូកអាហ្រ្វិកដំបូងបានលេចឡើងនៅភាគខាងជើងកាលពីដើមខែកុម្ភៈ និងបានរីករាលដាលយ៉ាងឆាប់រហ័សឆ្លងកាត់តំបន់ភាគខាងជើង និងកណ្តាល មុនពេលឈានដល់ភាគខាងត្បូងនៅខែឧសភា៕

    អត្ថបទ៖ លីដា

    Share This Post: