គ្រោះមហន្តរាយភ្លៀងមូសុង បានធ្វើឱ្យមនុស្សស្លាប់ច្រើនជាង ១០០នាក់ នៅឯប្រទេសឥណ្ឌា
គ្រោះមហន្តរាយជាបន្តបន្ទាប់នៅភាគខាងលិចប្រទេសឥណ្ឌា បានកើតមានឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឱ្យមនុស្សជាង ១០០នាក់ បានស្លាប់។ ទីក្រុងបុមបៃក៏មានការបាក់ជញ្ជាំងបេតុងកម្ពស់ ៤ម៉ែត្រ ដួលរលំទៅលើផ្ទះប្រជាជនជាច្រើន កាលពីយប់ថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សចំនួន ១៨ នាក់។ នៅក្នុងទីក្រុង Pune ក្បែរនោះ ក៏មានជញ្ជាំងមួយទៀតបានដួលរលំកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សចំនួន ១៥ នាក់។

ភ្លៀងមូសុងបានរំខានការដឹកជញ្ជូនសាធារណៈនៅទូទាំងតំបន់ ហើយសេវារថភ្លើងត្រូវបានលុបចោល ឬពន្យាពេល ខណៈអាកាសយានដ្ឋានអន្តរជាតិម៉ុមបៃ ដែលមានជើងហោះហើរប្រហែល ១០០ ត្រូវបានលុបចោល ឬបញ្ជូនទៅព្រលានយន្តហោះផ្សេងទៀត។ មន្ត្រីឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់ជាង ៦០០មីលីម៉ែត្រ បានធ្លាក់ចុះមក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ អាជ្ញាធរក្នុងតំបន់ក៏បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈមួយកាលពីថ្ងៃអង្គារ ហើយបានព្រមានប្រជាពលរដ្ឋឱ្យនៅក្នុងផ្ទះកុំចេញផ្ដេសផ្ដាស។ ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តពេញមួយសប្តាហ៍ទៀត៕


អត្ថបទ៖ លីដា