ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនមួយនៅអៀរឡង់ អនុញ្ញាតឱ្យសិស្សប្រុសស្រីស្លៀកខោ ឬសំពត់ តាមដែលពួកគេចង់បាន

    BY autoadmin July 3, 2019
    សាលារៀនមួយនៅអៀរឡង់ អនុញ្ញាតឱ្យសិស្សប្រុសស្រីស្លៀកខោ ឬសំពត់ តាមដែលពួកគេចង់បាន

    សាលាបឋមសិក្សាមួយកន្លែងនៅក្នុងប្រទេសអៀរឡង់ នឹងអនុញ្ញាតឱ្យសិស្សប្រុសស្លៀកសំពត់ បន្ទាប់ពីសាលាបានផ្លាស់ប្តូរគោលនយោបាយឯកសណ្ឋានរបស់ខ្លួនទៅតាមសំណើរបស់សិស្ស។ សាលាបឋមសិក្សានោះមានឈ្មោះថា សាលាជាតិ St Brigid នៅក្រុង Wicklow ភាគខាងត្បូងរដ្ឋធានី Dublin ពួកគេបានយល់ព្រមលើសំណើ ដែលដាក់ដោយក្រុមប្រឹក្សានិស្សិត។ សាលារៀននេះក៏នឹងដកចេញនូវសញ្ញាបញ្ជាក់ថា ជាបន្ទប់របស់ក្មេងប្រុស ឬក្មេងស្រីផងដែរ ដែលជាផ្នែកមួយនៃគោលការណ៍ «អព្យាក្រឹតយេនឌ័រ» ដោយក្រុមបុគ្គលិកសង្ឃឹមថា កូនសិស្សទាំងនោះនឹងមានអារម្មណ៍មិនទើសទាល់។

    ក្រោមច្បាប់ថ្មីនេះសិស្សទាំងឡាយនឹងអាចស្លៀកពាក់តាមដែលពួកគេចង់ ហើយគ្រូរបស់ពួកគេក៏សង្ឃឹមថា នឹងជួយធ្វើឱ្យពួកគេរាល់គ្នាមានអារម្មណ៍ស្វាគមន៍ និងទទួលយក។ វាត្រូវបានគេឱ្យដឹងថា សាលារៀនជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសអៀរឡង់ និងអង់គ្លេសអាចធ្វើតាមគោលការណ៍នេះ។ នាយកសាលាអ្នកស្រី Maire Costello និយាយថា កុមារខ្លះបានសួរសំណួរអំពីអត្តសញ្ញាណរបស់ពួកគេ តាំងតែពីវ័យក្មេង ហើយសាលាចង់ធ្វើឱ្យប្រាកដថា សិស្សគ្រប់គ្នាមានបទពិសោធន៍សប្បាយរីករាយក្នុងអំឡុងពេលសិក្សា។

    អ្នកស្រីនាយកបានប្រាប់ The Irish Times ថា៖ «បើគោលនយោបាយមានន័យថា ក្មេងស្រីនឹងស្លៀកខោ ឬក្មេងប្រុសនឹងស្លៀកសំពត់ អីចឹងឱ្យវាទៅតាមហ្នឹងចុះ» គាត់បន្តថា «អ្វីដែលសំខាន់បំផុតគឺថា កុមារគួរមានអារម្មណ៍សុខស្រួល និងសប្បាយរីករាយ ចំពោះរបៀបដែលពួកគេស្លៀកពាក់» ។ ចាប់ពីខែកញ្ញាខាងមុខនេះតទៅ ក្មេងស្រីនឹងត្រូវបានអនុញ្ញាតឱ្យស្លៀកខោខ្លី ហើយក្មេងប្រុសក៏នឹងត្រូវបានអនុញ្ញាតឱ្យស្លៀកសំពត់ tartan តាមដែលចិត្តរបស់ពួកគេចង់បាន៕

    អត្ថបទ៖ លីដា

    Share This Post: