ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតឬទេដែលថាគេងដាក់កង្ហារ អាចធ្វើឱ្យសុខភាពចុះទ្រុឌទ្រោម?

    BY autoadmin July 3, 2019
    ពិតឬទេដែលថាគេងដាក់កង្ហារ អាចធ្វើឱ្យសុខភាពចុះទ្រុឌទ្រោម?

    តើលោកអ្នកមានទម្លាប់គេងបែបណា? គេងដាក់ម៉ាស៊ីនត្រជាក់ ឬក៏ដាក់កង្ហារធម្មតា? យ៉ាងណាមិញរឿងថ្មីពី Life.gomcgill.com បានបង្ហាញថា ការគេងដាក់កង្ហារពិតជាអាចបង្កហានិភ័យដល់សុខភាពរបស់លោកអ្នក។ ប៉ុន្តែបើយោងតាមអត្ថបទដដែលក៏បានបង្ហាញផងដែរថា មនុស្សជាច្រើនចូលចិត្តគេងដាក់កង្ហារ ព្រោះវាងាយស្រួល ហើយពេលខ្លះសំឡេងរបស់កង្ហារក៏ជួយបន្លប់សំឡេងរំខានពីខាងក្រៅ ដែលធ្វើឱ្យលោកអ្នកគេងបានលក់សុខស្រួល។ ចំណុចសំខាន់មួយទៀតគឺថា កង្ហារស៊ីភ្លើងតិចជាងម៉ាស៊ីនត្រជាក់។

    យ៉ាងណាក៏ដោយថ្វីបើការប្រើប្រាស់កង្ហារមានភាពងាយស្រួល និងស៊ីភ្លើងតិច របាយការណ៍ក៏បានព្រមានផងដែរថា ការគេងក្រោមខ្យល់សិប្បនិម្មិត ដែលបាញ់ចេញពីកង្ហារគឺពិតជាគ្រោះថ្នាក់ដល់សុខភាពណាស់។ វាក៏ស្រដៀងនឹងជំនឿវប្បធម៌របស់ប្រជាជនកូរ៉េ ដែលគេឱ្យឈ្មោះថា ‘fan death’ ផងដែរ។ ដោយជំនឿនោះវាបាននិយាយថា បើកកង្ហារនៅក្នុងបន្ទប់បិទជិត និងគ្មានបង្អួចឱ្យខ្យល់ចេញ/ចូល គឺជារឿងចង្រៃ។ ថ្វីបើវាមិនមានភស្ដុតាងវិទ្យាសាស្ត្រមកសំអាង ជំនឿទាក់ទិននឹង ‘fan death’ នៅតែមានបន្តសម្រាប់ប្រជាជនកូរ៉េ ហើយប្រជាជនជប៉ុនមួយចំនួនតូចក៏មានជំនឿស្រដៀងគ្នានេះ។

    ប៉ុន្តែបើយោងតាមការរកឃើញមួយចំនួនវាបានបង្ហាញថា មានហេតុផលមួយចំនួនដែលអ្នកមិនគួរប្រើប្រាស់កង្ហារនោះទេ។ ហេតុផលគឺថា វាអាចធ្វើឱ្យសុខភាពចុះទ្រុឌទ្រោមបាន។ ប្រសិនបើលោកអ្នកមិនជឿ លោកអ្នកអាចសាកតាមដានថា នៅពេលដែលអ្នកគេងបើកកង្ហារពេលយប់ នោះពេលបើកភ្នែកអ្នកមានអារម្មណ៍យ៉ាងណា? មនុស្សមួយចំនួនអាចមានបញ្ហាទាក់ទងនឹងខ្យល់ ដែលពួកគេស្រូបចូលក្នុងខ្លួន ហើយវាប៉ះពាល់កាន់តែខ្លាំងចំពោះអ្នកមានជំងឺហឺត និងអាឡែរហ្សី នៅពេលដែលខ្យល់ទាំងនោះបាញ់ចំមុខរបស់ពួកគេ។

    ការស្រាវជ្រាវរបស់ livescience.com បានឱ្យដឹងថា អ្វីក៏ដោយដែលបណ្តាលឱ្យមានចលនាខ្យល់លឿន រួមទាំងកង្ហារផងនោះ អាចធ្វើឱ្យហួតជាតិសំណើមពីមាត់ និងច្រមុះ ដែលនឹងបង្កឱ្យភ្នែក និងច្រមុះរបស់លោកអ្នកមានភាពស្ងួត។ កង្ហារក៏អាចសាយភាយធូលី ដែលរំខានដល់មនុស្សជាពិសេសប្រសិនបើពួកគេមានជំងឺអាឡែរហ្សី។ ខ្យល់ដែលបក់កាត់ចេញពីកង្ហារក៏រួមចំណែកបំផ្លាញស្បែករបស់លោកអ្នកផងដែរ។ សម្រាប់លោកអ្នកដែលមិនអាចគេងខ្វះកង្ហារបានយើងក៏សូមណែនាំឱ្យលោកអ្នក៖
    – ឧស្សាហ៍សម្អាតកង្ហារ និងស្លាបរបស់វាជាប្រចាំ។
    – កុំបើកកង្ហារដាក់ជិតខ្លួនពេក។
    – ត្រូវសម្អាតបន្ទប់ឱ្យស្អាតជានិច្ច។
    – កុំបើកង្ហារឱ្យចំមុខ។
    – រក្សាជាតិសំណើម ដោយដាក់ទឹកនៅជិតកង្ហារ។

    អត្ថបទ៖ លីដា

    Share This Post: