អតីតអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ត្រូវបានបំពាក់ឋានន្តរសក្តិ តម្លើងជានាយទាហានជាន់ខ្ពស់ថ្នាក់នាយឧត្តមសេនីយ៍ ជាផ្លូវការ
នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៩នេះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅក្រសួងការពារជាតិ។
ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ យន្តមីន ជាអតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរសក្តិជូននាយទាហានជាន់ខ្ពស់ថ្នាក់ ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ និងតែងតែមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងបណ្តាស្ថាប័នចម្រុះនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរ។
គួររំលឹកថាឯកឧត្តម យន្ត មីន បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់លោកដែលបណ្តាលអោយមានករណីបាក់រលំអគារមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ដោយទោះបីជាលាលែងពីតំណែងក៏លោកនៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះរហូតចប់កិច្ចការ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខសន រកត ០៦១៩ /៩៤៣ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានតម្លើងឋានន្តរស័ក្តិដល់ឧត្តមសេនីយ៍ឯក យន្ត មីន អត្តលេខ ០០០៩៥៣ ជានាយឧត្តមសេនីយ៍នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ និងតែងតែមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕





ប្រភព៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា
ដោយ៖ ណារ៉ែន