អ្នកជំនាញនិយាយថា ថ្នាំសម្លាប់សត្វល្អិតគីមីធម្មតាៗ មិនអាចសម្លាប់សត្វកន្លាតបាននោះទេ
យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា កន្លាតកំពុងវិវឌ្ឍខ្លួនដើម្បីប្រឆាំងនឹងសារធាតុគីមីដែលមាននៅក្នុងថ្នាំបាញ់សម្លាប់សត្វល្អិតជាដើម ហើយពួកវាបានវិវឌ្ឍខ្លួនលឿនជាងអ្វីដែលអ្នកវិទ្យាសាស្ត្រធ្លាប់គិតទៅទៀត។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Purdue ក្នុងរដ្ឋ Indiana របស់សហរដ្ឋអាមេរិក បានរកឃើញភស្តុតាងដែលបង្ហាញថា សត្វកន្លាតកំពុងបង្កើត «ការប្រឆាំង» ទៅនឹងថ្នាំសម្លាប់សត្វល្អិត ដែលនេះមានន័យថា វានឹងមានការពិបាកកាន់តែខ្លាំងក្នុងការកម្ចាត់វាចោល។

ក្នុងការស្រាវជ្រាវនេះពួកអ្នកវិទ្យាសាស្ត្របានសិក្សាពីសត្វកន្លាតនៅឯអាគារផ្ទះល្វែង ក្នុងរដ្ឋ Indiana និងរដ្ឋ Illinois អស់រយៈពេល ៦ខែ ដោយពួកគេបានប្រើប្រាសវិធីជាច្រើនប្រភេទក្នុងការកម្ចាត់ពួកវា។ វាស្រដៀងគ្នាទៅនឹងវិធីរបស់អ្នកជំនាញបាញ់សត្វល្អិត ដែលពួកគេតែងតែផ្សំវាជាមួយសារធាតុគីមីខុសៗពីគ្នា ពីព្រោះសត្វកន្លាតជារឿយៗមានភាពស៊ាំទៅនឹងប្រភេទថ្នាំពុលតែមួយមុខៗ។ គំនិតនេះគឺមានន័យថា ប្រសិនបើកន្លាតអាចទប់ទល់នឹងថ្នាំសម្លាប់សត្វល្អិតមួយមុខនៅក្នុងល្បាយបាន នោះថ្នាំមួយប្រភេទទៀតនឹងអាចជាអាវុធទី ២ ដើម្បីកម្ចាត់វាបាន។
ប៉ុន្តែការពិសោធន៍ក៏បានរកឃើញថា សមត្ថភាពប្រឆាំងទៅនឹងគីមីរបស់សត្វកន្លាត បានដើរតួយ៉ាងសំខាន់នៅក្នុងការសិក្សានេះ។ ដោយសត្វកន្លាតដែលនៅរស់រានមានជីវិតពីការធ្វើតេស្ត មានភាពស៊ាំទៅនឹងថ្នាំបំផ្លាញសត្វល្អិតយ៉ាងពិសេស ហើយពួកវាក៏នឹងអាចធន់ទ្រាំទៅនឹងប្រភេទថ្នាំសម្លាប់សត្វល្អិតដទៃទៀតផងដែរ ឬសូម្បីតែប្រភេទដែលពួកវាមិនធ្លាប់បានជួបនៅឡើយ៕


អត្ថបទ៖ លីដា