ចុះបង្ក្រាបទប់ស្កាត់បទល្មើសករណីកាប់ដើមត្រសេកមួយដើមក្នុងតំបន់អង្គរ
នៅព្រឹកថ្ងៃអង្គារ ១រោច ខែអាសាឍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារអភិរក្សព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្តិការ សហការជាមួយមន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពអង្គរ នគរបាលការពារបេតិកភណ្ឌប្រចាំការខ្នងបារាយណ៍ខាងលិច អាជ្ញាធរភូមិបន្ទាយឈើ បានចុះបង្ការនិងទប់ស្កាត់បទល្មើសករណីកាប់ដើមត្រសេកមួយដើម ស្ថិតនៅខាងត្បូងវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។
ករណីបទល្មើសខាងលើបង្កឡើងដោយប្រជាពលរដ្ឋឈ្មោះ ហ៊ត់ យ៉ន់ មានទីលំនៅត្រង់ចំណុចកើតហេតុ ហើយក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតវត្ថុតាង និងបានហៅជនខាងលើទៅបំភ្លឺនៅស្នាក់ការតំបន់ការពារទេសភាពអង្គរនៃមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីអនុវត្តទៅតាមនីតិវិធី។
អាជ្ញាធរជាតិអប្សរាសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវប៉ះពាល់ដើមឈើក្នុងតំបន់អង្គរឡើយ ព្រោះជាសកម្មភាពល្មើសច្បាប់។ ក្នុងករណីដែលដើមឈើទាំងនោះអាចបង្កផលប៉ះពាល់ដល់ការរស់នៅ ឬផ្ទះសម្បែងរបស់ខ្លួន សុំធ្វើការទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរាដើម្បីធ្វើការត្រួតពិនិត្យក៏ដូចជារកដំណោះស្រាយ៕






ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority
ដោយ៖ ណារ៉ែន