តាញ់ មករា និង ឡុង ជិន ប៉ះគ្នានៅលើសង្វៀនដណ្តើមខ្សែក្រវាត់ប្រាក់ទី២ របស់ ISI PALM នៅថ្ងៃអាទិត្យនេះ
ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២នៃកម្មវិធីអធិរាជគុនខ្មែរ ISI PALM របស់ PNN ដែលជើងខ្លាំងគុនខ្មែរ២រូបនឹងប្រឈមមុខដាក់គ្នា គឺរវាង តាញ់ មករា និង ឡុង ជិន។ មុនឆ្លងដល់វគ្គនេះ ឡុង ជិន បានផ្ដួល ផាន់រិទ្ធ ឱ្យសន្លប់ក្នុងទឹកទី៣ កាលពីថ្ងៃទី១៦ខែមិថុនា ចំណែក មករា បានឈ្នះពិន្ទុឯកច្ឆន្ទលើ ឫទ្ធិ អៃរ៉ា។ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកទាំងពីរនឹងតតាំងគ្នាលើសង្វៀនភីអិនអិន ជាមួយស្នៀតដែលពួកគេសម្ងំហ្វឹកហាត់បន្ថែមកន្លះខែមកនេះ។
ជ័យលាភីខ្សែក្រវាត់ប្រាក់ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសដែលមានប្រាក់រង្វាន់៤០លានរៀល។ ខ្សែក្រវាត់ប្រាក់នីមួយៗក៏មានប្រាក់រង្វាន់លើកទឹកចិត្ត៤លានរៀលផងដែរ។ ក្រៅពីគូខ្សែក្រវាត់ កម្មវិធីអធិរាជគុនខ្មែរ ISI PALM ថ្ងៃអាទិត្យនេះក៏មានលក្ខណៈពិសេស ប្លែកពីសព្វមួយដងផងដែរ ដោយជើងខ្លាំងគុនខ្មែរមានឈ្មោះបោះសំឡេងយូរឆ្នាំខែ២រូបនឹងប្រកួតអមឆាកវគ្គផ្ដាច់ព្រ័ត្រ៖ -កណ្ដាប់ដៃបំបែកភ្នំ អេលីត សាន់ ជួប កាំឡៃយុគ ក. រុមស៊ីថង -ជង្គង់ពិស កែងគ្មានស្រមោល ប៉ោ ភារិទ្ធ ប៉ះ ប៉ិកធេង គៀតភុនធិប។
តើ ឡុង ជិន ឬ តាញ់ មករា នឹងគ្រងខ្សែក្រវាត់ប្រាក់ទី២? អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី៧ ខែកក្កដានេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN និងផេក PNN Sports & ISI STEEL៕
សូមទស្សនាវីដេអូខ្លី៖
https://www.facebook.com/PNNTVCambodia/videos/455002268629388/


