ក្រសួងអប់រំ ប្រកាសវិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ថ្នាក់សង្គម និងវិទ្យាសាស្ត្រ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩
យោងតាមការប្រកាសនៅលើហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសានៃមុខវិជ្ជាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានកំណត់ដូចខាងក្រោម៖
១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ វិញ្ញាសាមុខវិជ្ជាជម្រើសគឺ ប្រវត្តិវិទ្យា
២. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម វិញ្ញាសាមុខវិជ្ជាជម្រើសគឺ ផែនដី និងបរិស្ថានវិទ្យា។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើការប្រឡងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងអប់រំ នឹងធ្វើការបង្កើនស្ដង់ដារ ប្រធានវិញ្ញាសារប្រឡង អោយខ្លាំងជាងមុន ដើម្បីពង្រឹងគុណភាពអប់រំ និងជំរុញអោយបេក្ខជនខិតខំរៀនសូត្រ។ ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ (បាក់ឌុប) កាន់តែកៀកចូលមកដល់ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសដល់សិស្សានុសិស្ស ស្តីពី វគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៩ តាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា E-School Cambodia៕

ដោយ៖ ណារ៉ែន