សម្ដេចក្រឡាហោម ស ខេង សម្រេចបញ្ចេញលោក ផែង វណ្ណៈ ពីតំណែងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង
យោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បញ្ចេញលោកផែង វណ្ណ ចេញពីមុខតំណែងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង។
ក្រោយពីទទួលសេចក្តីសម្រេចនេះ លោក ផែង វណ្ណៈ ក៏បានបង្ហាញអារម្មណ៍ថា៖ “សម្ដេចក្រឡាហោម ស ខេង បានសម្រេចបញ្ចេញ ខ្ញុំបាទពីក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង។ ខ្ញុំបាទសូមគាំទ្រការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ ទោះបីខ្ញុំនៅជាពលរដ្ឋសាមញ្ញក៏ដោយអោយតែខ្ញុំនៅមានដង្ហេីម ខ្ញុំនៅតែបន្តបំរេីប្រជាជននិង ប្រទេសជាតិរបស់ខ្ញុំតាមធនធាននិងលទ្ធភាពដដែល”។
គួររំលឹកថាលោក ផែង វណ្ណៈ ទើបតែទទួលតំណែងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ប៉ុន្តែពេលនេះលោកក៏ត្រូវបញ្ចេញពីតំណែងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស៕



ដោយ៖ ណារ៉ែន