របាយការណ៍ថៃបង្ហាញ ស្រីៗជាច្រើនរងការបន្លំស្ទាបប៉ះខ្លួនប្រាណពីជនខិលខូច ពេលកំពុងលេងបាញ់ទឹកអំឡុងចូលឆ្នាំថ្មី
ថៃ៖ ការស្ទង់មតិមួយបានរកឃើញថា ស្ត្រីជនជាតិថៃប្រមាណជាង៥០% បានទទួលរងនូវការបៀតបៀនផ្លូវភេទក្នុងអំឡុងពេលលេងបាញ់ទឹកកាលពីឆ្នាំ២០១៦ កន្លងទៅ ដែលការលេងបែបនេះជាផ្នែកមួយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬគេហៅថាសង្ក្រានថៃ។
ការស្ទង់មតិនេះបានធ្វើឡើងចំពោះមនុស្សស្រីចំនួន ១,៧៩៣នាក់ ដែលមានអាយុចាប់ពី ១០ ដល់ ៤០ ឆ្នាំ ហើយលទ្ធផលបានបង្ហាញថា ៥១,៩% ក្នុងចំណោមមនុស្សស្រីទាំងនេះបានឆ្លើយថា ពួកនាងសុទ្ធតែធ្លាប់ទទួលបានការបៀបបៀនផ្លូវភេទពីសំណាក់មនុស្សប្រុស។ ការបៀតបៀនផ្លូវភេទក្នុងន័យនេះចង់សំដៅលើសកម្មភាពបន្លំប៉ះពាល់ ស្ទាប ឆ្លៀតឱកាស ឬចាប់ខ្លួនប្រាណមនុស្សស្រីដោយចេតនា ខណៈដែលមានមនុស្សជាច្រើនកំពុងតែសប្បាយលេខបាញ់ទឹក។
ក្រៅតែទទួលរងនូវការបៀតបៀនផ្លូវភេទ ការស្ទង់មតិខាងលើក៏បានបង្ហាញដែរថា ស្ត្រីមួយចំនួនក៏ត្រូវបានមនុស្សប្រុស ដែលស្រវឹងស្រាមួយចំនួនបង្ខំឲ្យនាងផឹងស្រាផងដែរ ខណៈដែលនាងមិនចង់ផឹកទាល់តែសោះ។ ហើយមកទល់ពេលនេះ អង្គការមួយរបស់ថៃ បានបញ្ចូនរបាយការណ៍នេះទៅកាន់ក្រសួងមហាផ្ទៃរួចរាល់ហើយ ដើម្បីស្នើសុំឲ្យមានវិធានការការពារ និងទប់ស្កាត់ការបៀបបៀនផ្លូវភេទមកលើមនុស្សស្រី ក្នុងពិធីបុណ្យសង្ក្រានថៃ ២០១៨ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts