ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ៦នាក់ និងរងរបួសធ្ងន់ ១៩០នាក់ បន្ទាប់ពីព្យុះកំបុតត្បូងបានវាយប្រហារទៅលើខេត្ត Liaoning របស់ចិន

    BY autoadmin July 5, 2019
    ស្លាប់ ៦នាក់ និងរងរបួសធ្ងន់ ១៩០នាក់ បន្ទាប់ពីព្យុះកំបុតត្បូងបានវាយប្រហារទៅលើខេត្ត Liaoning របស់ចិន

    មនុស្ស ៦នាក់ ត្រូវបានស្លាប់ និងជាង ១៩០នាក់ បានរងរបួសកាលពីថ្ងៃពុធ បន្ទាប់ពីព្យុះសង្ឃរាមួយដែលមានល្បឿនខ្យល់ ២៣ម៉ែត្រ ក្នុងមួយវិនាទី បានវាយប្រហារទីក្រុង Kaiyuan ខេត្ត Liaoning នៅម៉ោង ៥ និង ១៥នាទីល្ងាច។ នៅក្នុងវីដេអូដ៏ភ័យរន្ធត់ខាងក្រោមបានបង្ហាញពីព្យុះកំបុតត្បូងដ៏ធំមួយនៅទូទាំងទីក្រុង ដែលបកបោកធ្វើឱ្យប៉ើងសំរាម និងរថយន្តទៅលើអាកាស បង្កើតឱ្យមានការស្លាប់រង្គាល ខណៈដើមឈើ និងបង្គោលភ្លើងផ្សេងៗត្រូវបានដួលរលំ។

    បន្ទាប់ពីព្យុះកំបុតត្បូងត្រូវបានចាប់មានឡើងនៅក្នុងទីក្រុង Jingouzi វាក៏បានធ្វើដំណើរទៅភាគខាងត្បូងអស់រយៈពេល ១៥នាទី ដែលធ្វើឱ្យផ្ទះជិត ៣,៦០០ខ្នង ត្រូវបំផ្លាញ។ អ្នកស្រុកប្រហែល ៩,៩០០នាក់ ត្រូវបានរងផលប៉ះពាល់ដោយព្យុះកំបុតត្បូង នេះបើយោងតាមរបាយការណ៍សារព័ត៌មានក្នុងស្រុក។ ចំណែកនៅក្នុងតំបន់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ការផ្គត់ផ្គង់អគ្គិសនី និងទឹកក៏រងផលប៉ះពាល់។

    ភ្លាមបន្ទាប់ពីគ្រោះមហន្តរាយនេះ រដ្ឋាភិបាលក្នុងតំបន់បានចេញការប្រកាសជាបន្ទាន់នូវគ្រោះអាសន្នកម្រិតទី២។ យ៉ាងហោចណាស់មនុស្សចំនួន ២១០នាក់ ត្រូវបានគេជួយសង្គ្រោះជាបន្តបន្ទាប់ចេញពីអាគារបាក់បែក។ រដ្ឋាភិបាលបាននិយាយថា ពួកគេកំពុងតែវាយតម្លៃការខូចខាតដែលបណ្តាលមកពីព្យុះកំបុតត្បូងនេះ ខណៈបេសកកម្មជួយសង្គ្រោះនៅតែបន្ត៕

    អត្ថបទ៖ លីដា

    Share This Post: