មិនស្មានសោះថា ប្រភេទអាហារប្រចាំថ្ងៃទាំងនេះអាចក្លាយជាផលិតផលថែរក្សាស្បែកមុខឲ្យស្រស់ស្អាតបាន ដោយគ្រាន់តែ…
ផលិតផលផលអាហារប្រចាំថ្ងៃដែលពួកយើងទទួលទានក៏អាចប្រែជាគ្រឿងផ្សំសម្រាប់ដំណោះស្រាយសម្រស់បានផងដែរ។ ខាងក្រោមជាគន្លឹះដ៏អស្ចារ្យមួយចំនួនដើម្បីបង្កើតបានជាម៉ាសមុខធម្មជាតិដែលមានប្រសិទ្ធភាពជួយកម្ចាត់មុន ផ្ដល់សំណើម បន្តឹង ក៏ដូចជាផ្ដល់ភាពទន់រលោងភ្លឺថ្លាដល់ស្បែកមុខរបស់អ្នក ៖
១. ម៉ាសបកស្បែកមុខធ្វើឡើងពីផ្លែប៉េងបោះ ៖ ម៉ាសប្រភេទនេះមានប្រសិទ្ធភាពជួយកម្ចាត់រោមមុខ និងសម្អាតរន្ធញើស។ វាក៏ជួយឲ្យស្បែកមានពន្លឺទន់រលោងជាងមុនផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកប៉េងបោះចំនួន ១ ផ្លែ មកចិតសំបកចេញ ហើយច្របាច់យកទឹកដាក់ចូលក្នុងចានគោមមួយ (កុំឲ្យដោយគ្រាប់ និងសាច់)។ លាយទឹកប៉េងបោះចំនួន ១ ស្លាបព្រាបាយ ជាមួយម្ស៉ៅហ្គេឡាទីន (gelatin powder) ចំនួន ១ ស្លាបព្រាបាយ និងទឹកដោះគោស្រស់ ១ ស្លាបព្រា។ កូរលាយឲ្យសព្វ មុននឹងយកទៅវាកម្ដៅ ដោយដាក់ចានល្បាយនៅកណ្ដាលឆ្នាំងទឹកក្ដៅដែលដាំពុះ។ បន្ថែមទឹកឃ្មុំចំនួនពី ២ ទៅ ៣ ដំណក់ចូលហើយកូរលាយម្ដងទៀត។ ទុកឲ្យល្បាយចុះត្រជាក់បន្តិចសិន មុននឹងលាបទៅលើស្បែកមុខ ហើយទុកចោលរហូតដល់ស្ងួតទាំងស្រុង សឹមបកចេញថ្នមៗ។

២. ម៉ាសបកស្បែកមុខធ្វើឡើងពីផ្នែកពណ៌សនៃសុទ្ធ ៖ ម៉ាសនេះនឹងជួយបន្សុទ្ធស្បែកមុខឲ្យភ្លឺថ្លា ក៏ដូចជាបើករន្ធញើសដែលស្ទះ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវរំលែកផ្នែកពណ៌លឿងចេញពីផ្នែកពណ៌សនៃស៊ុត។ បន្ទាប់មកចាប់ផ្ដើមក្រឡុក ឬកូរវឹកផ្នែកពណ៌សនៃស៊ុត រួចយកក្រដាសជូតមាត់ ឬសំឡីជ្រលក់ចូល ហើយលាបវាពេញលើផ្ទៃមុខរបស់អ្នក។ ទុកចោលរហូតដល់ស្ងួត សឹមបកចេញថ្នមៗ។ លាងសម្អាតមុខចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ និងលាបគ្រីមផ្ដល់សំណើមប្រសិនបើចាំបាច់។

៣. ម៉ាសបិតមុខផ្សំឡើងពីទឹកឃ្មុំ និងផ្លែអាវូកាដូ (ផ្លែបឺរ) ៖ ម៉ាសនេះជួយផ្ដល់ថាមពល និងការសម្រាកដល់ស្បែកដែលហត់នឿយ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកផ្លែបឺរម្ខាងទៅលាងសម្អាតឲ្យស្អាតមុននឹងចិតសំបកចេញ រួចកិនសាច់បឺរឲ្យម៉ត់។ បន្ទាប់មកចាប់ផ្ដើមលាយ ម្ស៉ៅធញ្ញជាតិចំនួន ១ ភាគ ៤ ពែង ទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាបាយ ទឹកឃ្មុំចំនួន ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារចំនួន ១ ស្លាបព្រាបាយ ចូលហើយកូរឲ្យសព្វ។ លាបល្បាយទៅលើស្បែកមុខ និងទុកចោលសម្រាប់រយៈពេល ២០ នាទី សិនសឹមលាងសម្អាតចេញដោយប្រើទឹកស្អាតធម្មតា។

៤. ម៉ាសផ្សំឡើងពីផ្នែកពណ៌លឿងនៃស៊ុត និងប្រេងអូលីវ ៖ នៅពេលដែលអ្នកមានអារម្មណ៍ថាស្បែករបស់អ្នកនឿយហត់ និងត្រូវការអាហារូបត្ថម្ភនោះ ចូរប្រើម៉ាសបិតមុខប្រភេទនេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកស៊ុត ១គ្រាប់ មកធ្វើការរំលែកផ្នែកពណ៌លឿងចេញពីផ្នែកពណ៌សនៃស៊ុត។ បន្ទាប់មកចាក់ប្រេងអូលីវចំនួន ១ ស្លាបព្រាបាយចូលក្នុងផ្នែកពណ៌លឿងនៃស៊ុត។ ដើម្បីទទួលបានក្លិនក្រអូប អ្នកអាចបន្ថែមប្រេងឡាវ៉េនដឺចំនួន ១ ដំណក់ចូលបាន។ កូរលាយឲ្យសព្វមុននឹងលាបល្បាយទៅលើស្បែកមុខ។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សិនសឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។

៥. ម៉ាសផ្សំឡើងពីដំបូងបារាំង ទឹកដោះគោ និងប្រេងអាល់មុន ៖ ម៉ាសនេះមានប្រសិទ្ធភាពជួយកម្ចាត់មុន ផ្ដល់សំណើម និងធ្វើឲ្យស្បែកមុខភ្លឺរលោងស្រស់ស្អាត។ យកដំឡូងបារាំងដែលស្ងោរឆ្អិនចំនួន ១ មើម ទៅកិនឲ្យម៉ត់។ បន្ទាប់មកបន្ថែម ទឹកដោះគោស្រស់ ឬម្ស៉ៅទឹកដោះគោ ចំនួន ២ ស្លាបព្រាកាហ្វេ និងប្រេងអាល់មុនចំនួន ១ ស្លាបព្រាកាហ្វេ ចូល រួចកូរលាយឲ្យសព្វ។ លាបល្បាយទៅលើស្បែក និងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតមុខចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឡើងវិញឲ្យបាន ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៦. ម៉ាសធ្វើឡើងពីម្ស៉ៅធញ្ញជាតិ និងទឹកដោះគោស្រស់ ៖ ម៉ាសនេះមានប្រសិទ្ធភាពក្នុងការផ្ដល់សំណើម និងជួយឲ្យស្បែកមុខមានសភាពទន់រលោង។ អ្វីដែលអ្នកត្រូវធ្វើ គឺយកម្ស៉ៅធញ្ញជាតិចំនួន ២ ស្លាបព្រាបាយ ដាក់ចូលម៉ាស៊ីនក្រឡុក ដើម្បីក្រឡុកកិនវាឲ្យក្លាយទៅជាម្ស៉ៅម៉ត់។ បន្ទាប់មកលាយវាជាមួយនឹងទឹកដោះគោក្ដៅឧណ្ហៗចំនួន ២ ស្លាបព្រាបាយ រួចបន្ថែមប្រេងអូលីវចំនួន ១ ស្លាព្រាកាហ្វេចូល ហើយកូរលាយឲ្យសព្វ។ លាបល្បាយទៅលើផ្ទៃមុខរបស់អ្នក។ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សិនសឹមលាងសម្អាតចេញ ដោយប្រើទឹកក្ដៅឧណ្ហៗ។

៧. ម៉ាសទឹកឃ្មុំ ៖ ម៉ាសនេះនឹងជួយផ្ដល់សារធាតុចិញ្ចឹម ក៏ដូចជាអាហារូបត្ថម្ភដល់ស្បែកដែលអ្នកគួរអនុវត្តន៍ឲ្យបានជារៀងរាល់ថ្ងៃ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំឆៅចំនួន ២ ស្លាបព្រាកាហ្វេ ជាមួយនឹងម្ស៉ៅឈើអែមចំនួន ១ ភាគ ៣ ស្លាបព្រាកាហ្វេ ចូលគ្នាឲ្យសព្វ។ បន្ទាប់មកលាបល្បាយលើស្បែកមុខរបស់អ្នក ហើយទុកចោលឲ្យបានរយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញ ដោយប្រើទឹកស្អាតធម្មតា៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside